អភិបាលក្រុងប៉ោយប៉ែត ដឹកនាំមន្ត្រីក្រោមឱវាទ ចុះយុទ្ធនាការប្រមូលសំរាមអាណាធិបតេយ្យ ដែលប្រជាពលរដ្ឋមួយចំនួនតូច គេចវេសពីការបង់សេវាឲ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម យកទៅបោះចោលពាសវាលពាសកាលនៅតាមដងផ្លូវ និងលើដីទំនេរក្នុងទីប្រជុំជនក្រុង
ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទ មានអភិបាលរងក្រុង នាយករងរដ្ឋបាលក្រុង ប្រធានការិយាល័យ រួមនឹងអាជ្ញាធរមូលដ្ឋាន សហការជាមួយក្រុមហ៊ុនអនាម័យស៊ីនទ្រី បាននាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ រថយន្តធុនធំ ចុះយុទ្ធនាការប្រមូលសំរាមអាណាធិបតេយ្យ ដែលបងប្អូនប្រជាពលរដ្ឋមួយចំនួន បានយកមកបោះចោលពាសវាលពាសកាល នៅតាមដងផ្លូវ និងនៅចំណុចដីឡូត៍ ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អាជ្ញាធរសង្កាត់ប៉ោយប៉ែតបានឲ្យដឹងថា សំរាមដែលយកមកបោះចោលពាសវាលពាសកាលធ្វើនៅចំណុចខាងលើនេះ គឺសុទ្ធសឹងតែបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ និងម្ចាស់អាជីវកម្មមួយចំនួនតូច គេចវេសពីការបង់ថ្លៃសេវាដឹកជញ្ជូនសំរាម បានជួលម៉ូតូកង់បី រទេះរុញឬអូសអេតចាយ និងម៉ូតូសណ្ដោង ដើរប្រមូលតាមតូបលក់ដូរ ផ្ទះ ហាងរបស់ខ្លួន យកទៅបោះចោលនៅតាមដងផ្លូវសាធារណៈនិងដីទំនេរ ដោយគិតតម្លៃក្នុងមួយការ៉ុងឬមួយថង់ចាប់ពី ២ពាន់រៀល ទៅ ៣ពាន់រៀល ជាហេតុធ្វើឲ្យជះក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ។ដោយសារតែបែបនេះហើយទើបលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានចាត់ឲ្យមន្ត្រីក្រោមឱវាទមានវិធានការក្តៅដោយតាមប្រមាញ់មើលទាំងយប់ទាំងថ្ងៃ លុះមកដល់យប់មិញនេះអាជ្ញាធរចាប់ឃាត់បានម៉ូតូកង់បី ១គ្រឿង និងរទេះអូសឬរុញអេតចាយចំនួន៤ សរុប៥នាក់ យកទៅធ្វើការណែនាំ អប់រំនៅសង្កាត់ប៉ោយប៉ែត និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ផងដែរ ។
ជាមួយគ្នានោះដែរលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចាត់ឱ្យមន្ត្រីក្រោមឱវាទ បន្តចុះពិនិត្យមើលនៅតាមមូលដ្ឋាន ដើម្បីប្រមូលសំរាមដែលនៅសេសសល់ឱ្យអស់ និងធ្វើការណែនាំ ដល់អាជ្ញាធរមូលដ្ឋាន បន្តតាមដានឃ្លាំមើលអ្នកដែលយកសំរាមមកបោះចោលពាសវាពាក្យកាលបែបនេះបន្ថែមទៀតផងដែរ ។
ទន្ទឹមនោះដែរលោកអភិបាលក្រុងក៏បានធ្វើការអំពាវនាវដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីទីក្រុងយើងបានស្អាត ដោយទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវ និងសូមចូលរួមភ្ជាប់សេវាអនាម័យឲ្យបានគ្រប់ខ្នងផ្ទះ ជៀសជាងការជួលរទេះឬឡានយកទៅចោលលើទីសាធារណៈឬទីតាំងដីឯកជនរបស់អ្នកដទៃ។ ព្រោះថា អនាម័យ បរិស្ថានស្អាតគឺផ្តើមចេញពីយើងទាំងអស់គ្នា ហើយការចូលរួមសហការក្នុងការគ្រប់គ្រងសំរាមបានល្អ នាំឲ្យទីក្រុង ទីប្រជុំជន ជាពិសេសភូមិឋានមានសោភ័ណភាព មនុស្សរស់នៅមានសុខភាពល្អ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ ៕