ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ
ខេត្តបន្ទាយមានជ័យ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ ក្នុងនោះគណៈកម្មការរៀបចំការប្រណាំងទូក បណ្ដែតប្រទីប អំបុក និងសំពះព្រះខែ និងស្តង់ពិព័រណ៍ទូទៅភូមិមួយ ផលិតផលមួយ បានបែងចែកក្រុមទទួលខុសត្រូវទាំងទូក ការងាររៀបចំតាំងពិពណ៌អង្គភាពរដ្ឋ ឯកជន និងការដាក់តាំងបង្ហាញផលិតផលភូមិមួយ ផលិតផលមួយ ដែលធ្វើឡើងនៅសាលប្រជុំ (ធំ)សាលាខេត្តបន្ទាយមានជ័យ ។
ក្នុងនោះគណៈកម្មការរៀបចំការប្រណាំងទូកថ្នាក់ខេត្ត បានគ្រោងធ្វើឡើងនៅដងស្ទឹងសិរីសោភ័ណ្ឌ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ។ចំពោះការតាំងបង្ហាញ ផលិតផលពិព័រណ៍ទូទៅ ភូមិមួយផលិតផលមួយ ធ្វើនៅបរិវេនសួនមានជ័យ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ដោយឡែក ពិធីបណ្ដែតប្រទីប អកអំបុកសំណឹងសំពះព្រះខែ ធ្វើនៅ ដងស្ទឹងព្រះពន្លាសង្កាត់ព្រះពន្លា នាពេលយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឲ្យទទួលបានលទ្ធផលល្អប្រសើរ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ លើកឡើងថា៖ កងកម្លាំងនគរបាល មន្ត្រីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមឲ្យកាន់តែល្អប្រសើរ ជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួម។ជាពិសេសត្រូវ យកចិត្តទុកដាក់ ក្នុងការពង្រឹង និងគ្រប់គ្រង ធ្វើឲ្យស្ថានការណ៍ បទល្មើសគ្រប់ប្រភេទ តាមរយៈ ការជំរុញងអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដោយត្រូវខិតខំបង្កើនសកម្មភាព បង្ការ ទប់ស្កាត់ ព្រមទាំងស្រាវជ្រាវរកឲ្យឃើញនិងបង្ក្រាបបទល្មើសដែលកើតឡើងឲ្យបានទាន់ពេលវេលា ជាពិសេសអំពើលួច ឆក់ ប្លន់ អំពើឃាតកម្ម អំពើបង្ខាំងមនុស្ស ជំរិតទាប្រាក់ អំពើជួញដូរមនុស្ស តាមគ្រប់ទម្រង់ល្បែងស៊ីសងខុសច្បាប់ ឲ្យមានប្រសិទ្ធភាព សំដៅធ្វើឲ្យបទល្មើសមានការថយចុះបន្ថែមទៀត៕