ឯកឧត្តម ដួង តារា ៖ បណ្តាញទំនាក់ទំនងសង្គមកម្ពុជា គឺជារបស់ប្រជាជនកម្ពុជា មិនមែនជារបស់នរណាម្នាក់នោះទេ!
ភ្នំពេញ៖ បណ្តាញទំនាក់ទំនងសង្គមកម្ពុជា ដែលមានឈ្មោះថា ANGKOR SOCAIL MEDIA (ASM) ត្រូវបានបើកដំណើរការជំហ៊ានដំបូង កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នាសណ្ឋាគារ HYATT REGENCY PHNOM PENH។បណ្តាញសង្គមនេះគឺជាការបង្កើតឡើងដោយឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ជាស្នាដៃកូនខ្មែរ និងមានការចូលរួមពីយុវជនខ្មែរជាច្រើនទៀត។កម្មវិធីបើកដំណើរការដំបូងនេះ គឺមានការចូលរួមពីវត្តមានម្ចាស់ក្រុមហ៊ុន វិនិយោគិន ភ្ញៀវជាតិ និង អន្តរជាតិ រួមទាំងយុវជនជាច្រើនទៀត ជាពិសេស អ្នកដែលបានចូលរួមចុះឈ្មោះក្នុងការប្រើប្រាស់ App ផងដែរ។
នៅក្នុងកម្មវិធីនាព្រឹកនោះឯកឧត្តម ដួង តារា បានធ្វើបទបង្ហាញអំពីការបង្កើតបណ្តាញសង្គមទំនាក់ទំនង (ASM) និងបានលើឡើងពីបញ្ហាប្រឈមជាច្រើន ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងប្រើប្រាស់បណ្តាញសង្គមទំនាក់ទំនងរបស់បរទេស ហើយបណ្តាប្រទេសក្បែរខាងរបស់យើងមានបណ្តាញសង្គមផ្ទាល់ខ្លួនអស់ហើយ ដូចប្រទេសចិន ប្រទេសថៃ ប្រទេសវៀតណម និង បណ្តាប្រទេសផ្សេងទៀត ប៉ុន្តែសម្រាប់កម្ពុជា គឺមិនទាន់មានបណ្តាញសង្គមផ្ទាល់ខ្លួននោះទេ។ ដូច្នេះហើយទើបបានជាឯកឧត្តម បានសម្រេចចិត្ត ខិតខំ ក្នុងការបង្កើតបណ្តាញសង្គមទំនាក់ទំនងនេះឡើង។ ក្នុងនោះឯកឧត្តម ក៏បានលើកឡើងពីក្រុមហ៊ុន facebook ដែលជាបណ្តាញសង្គមសកល ដែលបានប្រមូលលុយពីកម្ពុជា គិតចាប់ពី២០២២ ដល់ឆ្នាំ២០២៣ គឺក្រុមនេះបានប្រមូលលុយជាង២០០លានដុល្លារ ហើយកម្ពុជា បានចំណូលពន្ធពីក្រុមហ៊ុននេះជាង២០ម៉ឺនដុល្លារ។ ចំពោះបណ្តាញសង្គមដែលមានឈ្មោះ ANGKOR SOCAIL MEDIA នេះ ឯកឧត្តម មានការតាំងចិត្ត និងរំពឹងខ្ពស់ ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជា សិស្ស និសិ្សត អ្នក ជំនួញ អ្នកបង្កើតមាតិការ អប់រំ កំសាន្ត ដើម្បីរកចំណូល តាមរយៈបណ្តាញសង្គមខ្មែរនេះផងដែរ។ ហើយសម្រាប់បងប្អូន ត្រូវការ Verify គឺមានភាពស្រួល ដោយមិនឲ្យលើសពី២៤ម៉ោងនោះទេ ឲ្យតែមានឯកសារច្បាស់លាសត្រឹមត្រូវ ចំពោះបញ្ហាក្នុងការប្រើប្រាស់ គឺមិនលំបាកទេ ដោយឯកឧត្តម មានក្រុមការងារបច្ចេកទេសរង់ចាំធ្វើការដោះស្រាយបញ្ហាជូន។ ហើយអ្វីដែលសំខាន់នោះគឺឯកឧត្តម ដួង តារា បានបញ្ជាក់យ៉ាងច្បាស់ថា បណ្តាញសង្គមនេះ គឺមិនមែនជារបស់ឯកឧត្តម ឬនរណាម្នាក់នោះទេ គឺជារបស់ប្រជាជនខ្មែរ ហើយឯកឧត្តម សំណូមពរឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើការចូលរួមគាំទ្រប្រើប្រាស់ បណ្តាញសង្គមរបស់ខ្មែរនេះឲ្យបានច្រើន និងទូលំទូលាយ។
ចំពោះភ្ញៀវដែលបានចូលរួមវិញគឺ ពួកគាត់មានការសប្បាយរីករាយ និងមានការគាំទ្រ ដោយលើកឡើងថា៖បណ្តាញសង្គមនេះ គឺពិតជាល្អ សម្រាប់កម្ពុជា ហើយក៏សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរងាកមកគាំទ្របណ្តាញសង្គមទំនាក់ទំនងរបស់កម្ពុជាទាំងអស់គ្នា៕