ចាប់ បានស៊ុតទា សរុបជាង៦ម៉ឺនគ្រាប់ មកពីវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ បម្រុង ចែកចាយក្នុងភ្នំពេញ
ភ្នំពេញ ៖ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរាជធានីភ្នំពេញ នៅវេលាម៉ោង៥ និង៥០នាទីព្រឹក នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ បានចុះឃាត់ចាប់រថយន្តដឹកស៊ុតទាបានចំនួន២គ្រឿង ។
រថយន្តទី១ ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ២BD-១១២០ ពណ៌លឿង ដឹកស៊ុតទាចំនួន ២០១០០គ្រាប់ និងរថយន្តទី២ ពាក់ស្លាកលេខភ្នំពេញ២N-៨៥១០ ពណ៍ស ដឹកស៊ុតសត្វទាចំនួន ៤៥៩០០គ្រាប់ មកពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ រួចមកលក់ចែកចាយក្នុងរាជធានីភ្នំពេញដូចគ្នា (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតទា) ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
រថយន្តទី១ ឃាត់ចាប់នៅ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងរថយន្តទី២ ឃាត់ចាប់នៅ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ក្រោយពីឃាត់ ក្រុមការងារ បាននាំយកវត្ថុតាង និងបទល្មើសទាំង២ខាងលើ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕