អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៦ ខែវិច្ឆិកា ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា
ខេត្តសៀមរាប៖អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួមនឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។
មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ “Siem Reap Angkor International Airport” នៅព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ–ព្រះសីហនុ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់នៅមិនឆ្ងាយប៉ុន្មានពីតំបន់សង្គ្រាមចុងក្រោយ ដែលត្រូវបានបញ្ចប់ដោយនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺឈរលើចក្ខុវិស័យវែងឆ្ងាយចំនួន២ របស់សម្ដេចតេជោ ហ៊ុន សែន នោះគឺការអភិរក្ស និងការអភិវឌ្ឍ។
សម្ដេចធិបតីបន្តថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អនុញ្ញាតឱ្យយន្តហោះ ឡើងចុះបាន២ ទិសផ្សេងគ្នា ដែលខុសពីព្រលានយន្តហោះចាស់ ដែលអនុញ្ញាតឱ្យយន្តហោះឡើងចុះបាន តែមួយទិសប៉ុណ្ណោះ ដោយសារមួយទិសទៀត ប៉ះចំលើបុរាណប្រាសាទក្នុងតំបន់អង្គរ។ អាកាសយាដ្ឋាននេះ បំពាក់ទៅដោយសម្ភារទំនើបៗ និងអាចពង្រីកបានទៅតាមបច្ចេកទេសជំនាញ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្តទៀតថា ព្រលានយន្តហោះជាច្រើននៅក្នុងពិភពលោក មិនត្រឹមតម្លៃត្រឹមតែជាអាកាសយានដ្ឋានសម្រាប់យន្តហោះចុះចត ឬចេញដំណើរប៉ុណ្ណោះនោះទេ ប៉ុន្តែអាកាសយានដ្ឋាន របស់ប្រទេសទាំងនោះ បានក្លាយជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្មថែមទៀត។ នៅថ្ងៃនេះ សម្ដេចធិបតីបានប្រកាសឱ្យដឹងថា ប្រព័ន្ធ E-Arrival សម្រាប់ការបំពេញបែបបទរបស់ អ្នកដំណើរតាមយន្តហោះ មកដល់កម្ពុជា នឹងដាក់ឱ្យដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមុនគេ ដើម្បីសម្រួលដល់ការបំពេញបែបបទរបស់អ្នកដំណើរទាំងនោះ ឱ្យកាន់តែងាយស្រួល និងមិនស្មុគស្មាញ ដូចការបំពេញដោយប្រើប៊ិកសរសេរ។ ជាមួយគ្នានោះ សៀមរាប នឹងមានរថភ្លើងស្រាល(Autorail) សម្រាប់ធ្វើដំណើរទៅមក រវាងក្រុងសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទៀតផង។
សម្ដេចធិបតីបានមានប្រសាសន៍ថា តាមរយៈយុទ្ធសាស្ត្រទាក់ទាញទេសចរក្រោមប្រធានបទ«ទស្សនាកម្ពុជាឆ្នាំ២០២៤» ទេសចរចិន នឹងមកលេងកម្សាន្តច្រើននៅកម្ពុជានាឆ្នាំ២០២៤ ខាងមុខនេះ។ កត្តានេះ ទាមទារឱ្យកម្ពុជាត្រូវរៀបចំកែសម្រួល និងត្រៀមគ្រប់ផ្នែកដើម្បីទទួលទេសចរទាំងនោះ។ កម្ពុជាគ្រោងពង្រីកឱ្យប្រើបណ្ណព្រំដែន ដើម្បីទេសចរងាយចូលមកទស្សនាខេត្តសៀមរាប ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែន(PASSPORT)នោះទេ។សម្តេចធិបតីបានជំរុញឲ្យអាជ្ញាធរខិតខំធ្វើយ៉ាងណាថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីជាការផ្តល់ទំនុកចិត្ដដល់ពួកគេបន្ថែម៕