ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញ​លើកទី៥​៤ អណត្តិទី​៣

ប៉ៃលិន៖ នៅសា​លប្រជុំធំសា​លាខេត្ត នាព្រឹក​ថ្ងៃទី០​៧ ខែធ្នូ ឆ្នាំ២០​២៣ ក្រុមប្រឹក្សា​ខេត្តប៉ៃលិន បាន​បើកកិច្ចប្រជុំសាមញ្ញលើក​ទី៥៤ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម ជា ចាន់​ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក​ជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល​នៃគណៈអភិបាល​ខេត្តប៉ៃលិន ព្រមទាំងមា​នការចូលរួមពីសំ​ណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោកលោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុងស្រុក ជាច្រើននាក់ផងដែរ ។

ក្នុងកិច្ច​ប្រជុំនេះមានរបៀបវារៈ​ដូចជា ៖ ១ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ច​ប្រជុំសា​មញ្ញលើកទី៥៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២ពិនិត្យ និងអនុម័តសេ​ចក្តីព្រាង​របាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និងទិសដៅ​ការងារបន្តខែ​បន្ទាប់ របស់រដ្ឋ​បាលខេត្តប៉ៃលិន និង ៣បញ្ហាផ្សេងៗ ។

ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន បានមានប្រសាសន៍​ក្រើនរំលឹកមន្ទី​រជំនាញ​ស្ថាប័នជុំវិញ​ខេត្ត និងអាជ្ញាធរក្រុង/ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវ​ទុក​ចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួ​កនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថ​ភាព ក្នុងនាមជា​តំណាងសាធារណៈ ស្វ័យភា​ពរបស់មូលដ្ឋាន ដើម្បីអនុ​វត្តតួនាទី និងភារកិច្ចរប​ស់ខ្លួន ឆ្លើយត​បទៅនឹងតម្រូវការចាំបាច់របស់ប្រជាព​លរដ្ឋ ប្រកបដោ​យសមធម៌ បរិយាប័ន្ន និង​មានចីរភាព ឈានឆ្ពោះទៅរួម​ចំណែកជាមួយរា​ជរដ្ឋាភិបាលក្នុ​ងការកាត់បន្ថយភាពក្រីក្រ ។

លោក​ជំទាវបណ្ឌិត​អភិបាលខេត្ត បានមាន​ប្រសាសន៍កោតសរសើរ ដល់ថ្នា​ក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយ​ប្រសិទ្ធិភាព ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើ​សេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋាន​ឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីកចម្រើន ស្របតា​មគោ​លនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ​ត ជានាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា ៕

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ជាក់ស្តែងការរៀបចំសោភ័ណ្ឌភាពខេត្តយ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តមានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button