នគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តតាកែវ ៖ ដោយអនុវត្តតាមបទបញ្ជារយ៉ាងម៉ើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីពីឯកឧត្ដម ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២១ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលលាយបូរ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំដោយលោក វរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។
នគរបាលបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើង ក្រោយពីកម្លាំងសមត្សកិច្ចចុះល្បាតតាមដងផ្លូវសំខាន់ៗ លុះមកដល់ចំណុចផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ មានការសង្ស័យ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ធើយ សុខុន ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិអង្គតាចាន់ ឃុំលាយបូរ នឹងបានធ្វើការឆែកឆេរ ក៏ប្រទះឃើញមានម្សៅក្រាមពណ៏សថ្លា សង្ស័យថា ជាសារធាតុញៀនចំនួន ០៣កញ្ចប់ ទូរស័ព្ទចំនួន ០១គ្រឿង និងម៉ូតូមា៉កEZSR ០១គ្រឿង គ្មានស្លាកលេខ ភ្លាមនោះសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួន រួចក៏បញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ ៖ លោក ផូង បញ្ញា