អភិបាលខេត្តព្រៃវែង រួមនឹងមន្ត្រីរាជការ ធ្វើពិធីក្រុងពាលី សុំសុខសួស្ដីជ័យមង្គលដល់ក្រុមការងាររៀបចំប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ នៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង
(ព្រៃវែង)៖ដើម្បីឲ្យការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នាពេលខាងមុខដែលប្រព្រឹត្តទៅនៅសួនសម្ដេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម ស្ថិតនៅភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែងបានដោយរលូនរបស់ក្រុមការងារ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ រួមទាំងមន្ត្រីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ បានអញ្ជើញធ្វើពិធីក្រុងពាលី សុំសុខសួស្ដីជ័យមង្គល។
ពិធីនេះបានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសនា ដោយមានការរៀបចំសែនតាមបែបបុរាណ និងតាមគន្លងប្រពៃណីទំនៀមទម្លាប់ជំនឿសាសនារបស់ខ្មែរ ក្នុងបុព្វហេតុបួងសួងសុំសេចក្តីសុខ និងទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ពស២៥៦៥ ក្នុងព្រឹត្តិការណ៍ឆ្នាំថ្មី និងដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយបានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឲ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត់។
ក្នុងពិធីនោះដែរឯកឧត្ដម អភិបាលខេត្ត និងលោកជំទាវសូមបួងសួងដល់បារមីទេវតាឆ្នាំថ្មី ព្រះនាម «កិរិណីទេវី» ជាទេពធីតាសង្ក្រាន្តប្រចាំឆ្នាំថ្មីនេះ គង់នៅចាតុម្មហារាជិកា តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការចូលរួមចំណែកដឹកនាំប្រទេស ឲ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋាន ទទួលបានជោគជ័យនៅឆ្នាំថ្មីនេះ និងសូមជួយប្រោះព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋខេត្តព្រៃវែងផងដែរ។
ចំពោះការប្រារព្ធពិធីឆ្នាំថ្មីព្រៃវែងឆ្នាំ២០២២ នេះមានមានការរៀបចំដូចជា៖ក្រុងពាលី, កម្មវិធីសាសនា,ការតាំងពិព័រណ៍, កម្មវិធីបើកព្រឹត្តិការណ៍ឆ្នាំថ្មីព្រៃវែង២០២២, កម្មវិធីទទួលទេវតាឆ្នាំថ្មី, ពូនភ្នំខ្សាច់ ,ស្រង់ព្រះ, តំបន់ល្បែងប្រជាប្រិយ, តំបន់ត្រជាក់ចិត្ត, កម្មវិធីបង្ហោះគោមជាដើម។
សូមបញ្ជាក់ផងដែរថា៖ចំពោះព្រឹត្តិការណ៍ ឆ្នាំថ្មីព្រៃវែងឆ្នាំ ២០២២ នេះ រដ្ឋបាលខេត្ត និងប្រារព្ធធ្វើរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២៕