ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ប្រគល់សមិទ្ធផលនានា ដែលបានដោះស្រាយបញ្ចប់រួចរាល់ តាមគោលនយោបាយឈ្នះឈ្នះ ជូនប្រជាពលរដ្ឋនៅចំណុចបឹង៧៥ ស្រុកម៉ាឡៃ
(បន្ទាយមានជ័យ)៖ដោយក្រោមការដឹកនាំរបស់ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានធ្វើឲ្យតំបន់ដែលមានទំនាស់រឿងដីធ្លីដ៏រ៉ាំរ៉ៃជាច្រើនឆ្នាំ នៅចំណុចបឹង៧៥ ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានដោះស្រាយបញ្ចប់តាមគោលនយោបាយឈ្នះឈ្នះ។
ជាក់ស្តែងកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ រួមដំណើរដោយឯកឧត្តមឌៀង សារ៉ាន់ ជំនួយការសម្តេចតេជោ ឯកឧត្តមនាយឧត្តមសេនីយ៍សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម ខេង ស៊ំ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធាភូមិភាគ៥ លោក យ៉ាង គឹម ហ៊ុយ អនុប្រធានក្រុមការងារអភិវឌ្ឍន៍តំបឹងបឹជង្រុកតេជោឈ្នះឈ្នះឈ្នះ លោកលី សារឿន តំណាងក្រុមគ្រួសារលោកឧកញ៉ាលី អ៊ុតនី និងថ្នាក់ដឹកខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីជុំវិញខេត្ត និងប្រជាពលរដ្ឋសរុបជាង១២០០គ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សមិទ្ធផលនានា ដែលបានដោះស្រាយបញ្ចប់រួចរាល់ តាមគោលនយោបាយឈ្នះឈ្នះ ជូនប្រជាពលរដ្ឋនៅចំណុចបឹង៧៥ ស្រុកម៉ាឡៃ។
គួរបញ្ជាក់ផងដែរថា ចំណុចបឹង៧៥ គឺជាតំបន់ដែលមានទំនាស់ដីធ្លីរាំរ៉ៃជាង១០ឆ្នាំមកហើយ ដោយមានការចូលដោះស្រាយ ពីក្រុមការងារនាយកខុទ្ទកាល័យសម្តេចតេជោ ដឹកនាំផ្ទាល់ដោយ ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន សហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ កងកម្លាំងចម្រុះ តាមគោលនយបាយឈ្នះឈ្នះ តំបន់នេះបានប្រែក្លាយ និងកំពុងអភិវឌ្ឍន៍ រីកចម្រើនគួរកត់សំគាល់។នយោបាយឈ្នះឈ្នះដែលជាមរតកមិនអាចកាត់ថ្លៃបាន ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នេះរីករាយសាទរ និងថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋទូទៅ មិនប្រកាន់និន្នាការនយោបាយឡើយ ៕