អភិបាលខេត្តកណ្តាល ជំរុញដល់មន្ទីរប្រៃនីយ៍ និងទូរគមនាគមន៍ខេត្ត ត្រូវពង្រឹងលើការងារដំឡើងអង់តែនទូរស័ព្ទក្នុងខេត្ត ដើម្បីអោយទទួលបានសេវាពេញលេញគ្រប់ទីកន្លែងស្របតាមម័យកាលDigital
ខេត្តកណ្តាល៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅការងារខែមករា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល កាលពីរសៀលថ្ងៃទី៣ ខែមករា ២០២៤ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានក្រើនរំលឹកដល់អាជ្ញាធរស្រុក–ក្រុង កងកម្លាំងគ្រប់ប្រភេទត្រូវអនុវត្តការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តពង្រឹងការចុះបង្រ្កាបបទល្មើសផ្សេងៗ និងអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធត្រូវបន្តពង្រឹងការអនុវត្តការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឲ្យមាន ប្រសិទ្ធភាព ក្នុងនោះមន្ទីរអប់រំត្រូវមានវិធានការណ៍អប់រំផ្សព្វផ្សាយនៅតាមសាលារៀន និងសិស្សានុសិស្ស អោយយល់ច្បាស់ពីបញ្ហាគ្រឿងញៀន ព្រោះថាគ្រឿងញៀនគឺជះឥទ្ធិពលអាក្រក់ដល់មូលដ្ឋាន សហគមន៍ និងសង្គមជាតិយើងទាំងមូល។អាជ្ញាធរក្រុង–ស្រុក ពាក់ព័ន្ធពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ព្រែកអោយយល់ច្បាស់ស្តីពីការអភិវឌ្ឍន៍ និងស្តារព្រែក ដើម្បីរំដោះទឹកកុំអោយមានការជន់លិចក្នុងភូមិសាស្ត្ររបស់ខ្លួន។មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវពន្លឿនក្នុងការងារចុះវាស់វែងដីធ្លីជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស ពិសេសការចុះបញ្ជីដីរបស់រដ្ឋអោយមានប្រសិទ្ធភាព។
ទន្ទឹមនោះឯកឧត្តមក៏បានជំរុញដល់មន្ទីរប្រៃនីយ៍ និងទូរគមនាគមន៍ខេត្តត្រូវពង្រឹងលើការងារដំឡើងអង់តែនទូរស័ព្ទក្នុងខេត្តកណ្តាល ដើម្បីអោយខេត្តកណ្តាលទទួលបានសេវាពេញលេញគ្រប់ទីកន្លែងស្របតាមម័យកាលDigital ដើម្បីបង្កើនប្រសិទ្ធភាពការងារអោយមានភាពងាយស្រួល និងទាន់ពេលវេលាផងដែរ៕