វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការរដ្ឋបាលក្នុងការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ខេត្តបន្ទាយមានជ័យ៖បញ្ហាដីធ្លីគឺនូវតែជាបញ្ហាស្មុគស្មាញ ដូចនេះការជួបជុំថ្ងៃនេះគឺដើម្បីដោះស្រាយវិវាដីធ្លីឲ្យនៅក្រៅប្រព័ន្ធតុលាការ ។ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដី មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចរបស់គណៈកម្មាការរដ្ឋបាល ក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានអស់លោក លោកស្រីចាស់ព្រឹទ្ធាចារ្យ ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ គោលដៅខេត្តបន្ទាយមានជ័យ បានចូលរួមក្នុងគោលបំណងស្វែងយល់សម្របសម្រួលការងារជាមួយក្រុមវាលជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា លើការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋ ។ដោយពិធីនេះធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។
លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូរូបនីយកម្មសំណង់ និងសុរិយោដី បានមានប្រសាសន៍ថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មានការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពដទៃនៅក្នុងមុំទី៤ នៃបញ្ចកោណទី៤ គឺការបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដី និងការដោះស្រាយវិវាទដីធ្លីនៅក្រៅប្រព័ន្ធតុលាការ និងការកសាងផែនការ រៀបចំដែនដីនិងនគរូបនីយកម្មទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍ វិស័យដីធ្លីឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ក្រសួងបានដាក់ផែនការ ជំរុញការចុះបញ្ជីបញ្ចប់ ក្បាលដីនៅលស់ទូទាំងប្រទេស (៥លានក្បាលដី) ក្នុងរយៈពេលពីរឆ្នាំ ២០២៤–២០២៥ ក្រសួងបានដាក់ចេញគោលនយោបាយ” ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្ត និងបរិយាកាស គ្មានវិវាន” នៅក្នុងខេត្តបន្ទាយមានជ័យនៅសល់ក្បាលដីប៉ាន់ស្មាន មិនទាន់ចុះបញ្ជីប្រមាណ ៣២៥,០០០ក្បាលដី លើចំនួន៣៣៩ ភូមិ៤១ ឃុំសង្កាត់ និង ៩ក្រុង ស្រុក នឹងត្រូវជំរុញចុះបញ្ជីបញ្ចប់នៅឆ្នាំ២០២៥ខាងមុខនេះ។
លោក លៀម សុដា អភិបាលរងខេត្ត និង ឯកឧត្តម សរ សុវណ្ណ បានមានប្រសាសន៍លើកឡើង វាបណ្ដុះបណ្ដាលនាថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់អស់លោក លោកស្រី ចាស់ព្រឹទ្ធាចារ្យ តាមភូមិ ឃុំសង្កាត់ ដើម្បីបាននូវពុទ្ធិចំណេះដឹងយកទៅធ្វើការផ្សព្វផ្សាយ ជូនដល់បងប្អូនប្រជាពលរដ្ឋបានយល់ច្បាស់ពីនីតិវិធីច្បាប់បទដ្ឋានកិត្តិយុត្តិ ស្ដីពីការវាស់វែងដីធ្លី ដើម្បីបញ្ជៀសការទំនាស់ ខ្វែងគំនិតគ្នាលើបញ្ហាដីធ្លី ៕