ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
ខេត្តសៀមរាប៖កិច្ចប្រជុំប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ដែលរៀបចំដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបបានលើកឡើងថា៖ កិច្ចប្រជុំប្រចាំឆ្នាំនេះ ជាសក្ខីភាព ឆ្លុះបញ្ចាំងពីការអនុវត្ត យ៉ាងត្រឹមត្រូវនូវលក្ខន្តិកៈរបស់សមាគម ដែលជា “នីតិបុគ្គល” តំណាងឱ្យសំឡេង និង ជាអ្នកការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តសៀមរាប ព្រមទាំងជាអ្នកអភិវឌ្ឍសមត្ថភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលនឹងរួមចំណែកលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បន្ថែមថា ក្នុងទស្សនវិស័យនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានសម្របសម្រួល និងគាំទ្រទាំងស្រុង ចំពោះគំនិតផ្តួចផ្តើមបង្កើតឱ្យមាន “សមាគម ក្រុមប្រឹក្សា ឃុំ សង្កាត់នៅតាមរាជធានី ខេត្ត និង សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០៦ ដែលជាតំណាងឱ្យសំឡេងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស។
ជាមួយគ្នានោះដែរឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តសៀមរាប តាំងពីឆ្នាំទី១ រហូតដល់ ឆ្នាំទី៥ នៃអាណត្តិទី៣ ដែលជាឆ្នាំចុងក្រោយនៃអណត្តិរបស់ខ្លួន និងនាំមកនូវសមិទ្ធផលចំបងៗជូនដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ស្របគោលបំណង និងទិសដៅរបស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់៕