គណៈប្រតិភូប្រទេសវៀតណាម មកបំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យ ដើម្បីចងសម្ព័ន្ធមេត្រីភាព
(បន្ទាយមានជ័យ)៖ប្រតិភូទាំងពីរក្នុងខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្ដម ហ្វិញមិញ ត្វីន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចុះបំពេញបេសកកម្មសាកសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៃខេត្តបន្ទាយមានជ័យក្នុងឱកាស នៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ២៥៦៦ នៅសាលាខេត្តបន្ទាយមានជ័យ។
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាវៀតណាម គឺជាបងប្អូនយ៉ាងល្អដោយមានកិច្ចសហប្រតិបត្តិការជាមួយគ្នាអស់កាលដ៏យូរលង់ណាស់មកហើយ និងតែងជួយគ្នាទៅវិញទៅមក ប្រជាពលរដ្ឋយើងទាំងពីរធ្លាប់បានប្រកៀកស្មាប្រយុទ្ធតស៊ូប្រឆាំងនឹងពួកអាណានិគមនិយមរហូតទទួលបានឯករាជ្យជនជាតិរៀងៗខ្លួនក្នុងសម័យសង្គ្រាម។
ជាមួយគ្នានោះដែរឯកឧត្តមហ្វិញ មិញ ត្វីន ក៏បានមានប្រសាសន៍ផងដែរថា ខេត្តបន្ទាយមានជ័យបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តចំនួនពីរនៃសាធារណរដ្ឋសង្គមនិយមវៀតណាមមានខេត្តដុងថាប់ និងខេត្តវិញឡុង។ក្នុងរយៈពេលជាង២ឆ្នាំមកនេះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ភាគីទាំងពីរពុំបានផ្លាស់ប្តូរនៃគណៈប្រតិភូទៅវិញទៅមក ប៉ុន្តែយើងបានរក្សានូវទំនាក់ទំនងល្អជាមួយគ្នាតាមរយៈទូរស័ព្ទ តាមបណ្ដាញទំនាក់ទំនងសង្គម ក៏ដូចជាបានផ្ញើនូវសារលិខិតជូនពរទៅវិញទៅមកក្នុងឱកាសពិធីបុណ្យជាតិ សំខាន់ដូចជាបុណ្យចូលឆ្នាំចិនវៀតណាម បុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងបុណ្យឯករាជ្យជាតិ នៃប្រទេសទាំងពីរ។ជាចុងក្រោយតំណាងខេត្តបន្ទាយមានជ័យ និងខេត្តដុងថាប់ ក៏បានប្រគល់នូវកាដូ និងកន្សែងបង់ក សំរាប់ទុកជាអនុស្សាវរីយ៍ផងដែរ ៕