សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព អនុគណៈកម្មការ សាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ប៉ៃលិន
(ប៉ៃលិន)៖នៅសាលប្រជុំរោងកុន នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ មានប្រារព្ធពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ និង វត្តមានអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ,អនុរដ្ឋលេខាធិការ,អ្នកតំណាងរាស្ត្រ,ប្រធានក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្តប៉ៃលិន ,ខេត្តបាត់ដំបង ,ខេត្តពោធិសាត់,ខេត្តបន្ទាយមានជ័យ ,មេបញ្ជាការយោធ ភូមិភាគទី៥ មេបញ្ជាការកងពលធំ និងកងពលតូច និង ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុកចូល រួមផងដែរ ។
មានប្រសាសន៍ស្វាគមន៍អធិបតីលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងថា ស្តូបឈ្នះ ឈ្នះនេះ ដែលគ្រោងសាងសង់នេះធ្វើឡើងក្នុងគោលបំណង បង្ហាញពី វប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លៀសវៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសន្តិភាព ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព បង្ហាញពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាតិ បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និងជាទី កន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ប្រវត្តិសាស្ត្រពិតរបស់ខេត្តឧត្តមានជ័យ បញ្ជាក់ពីភាពពិតរបស់កូនខ្មែរ សម័យនេះ និងអំពីសមត្ថភាពចំណេះដឹង តម្លៃពិតប្រាកដនៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម នាយឧត្តម សេនីយ៍ អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានធ្វើការណែនាំដល់ក្រុមការងារសាងសង់វិមាន ឈ្នះ ឈ្នះ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងខេត្ត គឺត្រូវមានគំនិតផ្តួចផ្តើមសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏បានរំឮកឡើងវិញផងដែរ ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាក់ស្តែងមួយចំនួន ដែលកម្ពុជាបានជួបប្រទះ ឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម និង បង្កភាពមហន្តរាយ ភាពឈឺចាប់ខ្លោចផ្សារបសប្រជាជន កម្ពុជាក៏ដូចខេត្តប៉ៃលិន ដែលបានបន្សល់ស្លាកស្នាមនៅមិនទាន់រលុបបាត់អស់នៅឡើយ ។ការបញ្ចប់ដោយជោគជ័យដោយសន្តិវិធីចំពោះសង្រ្គាម និងការបែកបាក់ជាតិ គឺពិតជាសម្រេចបានមកដោយការលំបាកបំផុត ក៏ប៉ុន្តែការពារនូវជីវភាព សុខសន្តិភាព និង ការពង្រឹងថែមទៀតនូវវប្បធម៌សន្តិភាព ដែលសម្រេចបានមកនេះ គឺជាភារកិច្ចរឹតតែលំបាកធ្ងន់ធ្ងរណាស់ទៅទៀត ។
សម្តេពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថាជាច្រើនជំនាន់មកហើយព្រះរាជាណាចក្រកម្ពុជាយើង ពុំធ្លាប់ទទួលបានសន្តិភាពពេញលេញ ដូចសម័យសព្វថ្ងៃនេះទេ ជួនកាលមានការបែកបាក់ទៅជា២ ជា៣ភាគី ដែលនាំឲ្យប្រទេសជាតិមានជម្លោះនឹងគ្នាឥតឈប់ឈរនាពេលកន្លងមក ។ នៅក្នុងដំណាក់កាលចុងក្រោយ គឺដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបាន ធ្វើឱ្យប្រទេសកម្ពុជាមានមហន្តរាយនោះ ទើបមានព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ១៩៧៧ ថ្ងៃ២ ធ្នូ ១៩៧៨ និងថ្ងៃ ៧ មករា ១៩៧៩ រហូតដល់ ឆ្នាំ១៩៩៨ ដែលមានការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
សម្តេចពិជ័យសេនា បានបញ្ជាក់ថា សមិទ្ធផល នយោបាយឈ្នះ ឈ្នះ នាំឲ្យប្រទេសជាតិទទួល បានសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការ អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និង ការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ និងបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជនពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម ។
ការសាងសង់ស្តូបឈ្នះ ឈ្នះ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន នេះ នឹងសាងសង់ឡើង ក្រោមការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងធនធានថវិកា គំនិត ប្រាជ្ញារបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវ័ន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយឡើយ ហើយសំណង់ និងតំបន់អភិវឌ្ឍនេះនឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្ត រាប់រយឆ្នាំ ជាកេរមរតកក្នុងសម័យតេជោសែន សម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា៕