ឯកឧត្តមអភិបាលខេត្តបាត់ដំបង ប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សឆ្នើមនិទ្ទេសA និងនិទ្ទេសB នៃសាលាអន្តរជាតិ USA
ខេត្តបាត់ដំបង៖សិស្សឆ្នើមនិទ្ទេសA និងនិទ្ទេសB នៃសាលាអន្តរជាតិ USA ទទួលបានរង្វាន់លើកទឹកចិត្ត ពីឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។ក្នុងឱកាសផ្តល់រង្វន់ដល់សិស្សឆ្នើមនោះដែរឯកឧត្តមក៏បានចែកអំណោយជូនដល់គ្រួសារក្រីក្រចំនួន១១០នាក់ផងដែរ។
សម្រាប់សិស្សានុសិស្សនៃសាលាអន្តរជាតិUSA ខេត្តបាត់ដំបង បានប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបចំនួន៦២នាក់ ស្រី៤២នាក់ ស្មើនឹង៧២% ក្នុងនោះ សិស្សនិទ្ទេសAចំនួន៦នាក់,សិស្សនិទ្ទេសB មានចំនួន១១នាក់,សិស្សនិទ្ទេសC មានចំនួន៦នាក់,សិស្សនិទ្ទេសD មានចំនួន១៨នាក់ និងសិស្សនិទ្ទេសE មានចំនួន២១នាក់ ។
នាឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ កោតសរសើរដល់សិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនសូត្រទទួលបាននិទ្ទេសល្អៗ ដែលបាននាំយកកិត្តិយសជូនដល់សាលា គ្រួសារ និងសង្គម ឲ្យកាន់តែមានការរីកចម្រើនលើផ្នែកប្រព័ន្ធអប់រំ ។ចំពោះសិស្សានុសិស្សដែលមិនទទួលបាននិទ្ទេសល្អប្រសើរ ឬមិនអាចប្រឡងជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមកុំបាក់ទឹកចិត្តឲ្យសោះ ត្រូវតែបន្តខិតខំប្រឹងប្រែងបន្តទៅមុខទៀត ជាពិសេសខិតខំក្រេបយកចំណេះដឹងផ្នែកឧត្តមសិក្សា ដែលជាស្ពានឆ្លងទៅរកភាពមានការងារធ្វើ ទទួលបានប្រាក់កំរៃគ្រប់គ្រងជីវភាព ព្រោះថា មិនថាក្នុងការធ្វើអាជីវកម្ម ឬធ្វើការអ្វីឡើយ ទាមទារឲ្យមាននជំនាញ និងចំណេះដឹងច្បាស់លាស់ ហើយជំនាញ និងចំណេះដឹងទាំងនេះ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែង ពិសេសថ្នាក់ឧត្តមសិក្សា ជួនកាលសិស្សានុសិស្សមួយចំនួន មិនសូវពូកែពេលសិក្សាចំណេះដឹងទូទៅ ក៏ប៉ុន្តែពូកែពេលជាឧត្តមសិក្សានៅពេលដែលសិស្សានុសិស្សទាំងនោះ បានជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ពេញចិត្ត ។
ក្នុងនោះឯកឧត្តម ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ កុំបោះបង់ចោលឲ្យសោះនូវភាសាបរទេស និងកុំព្យូទ័រ ដែលជាជំនាញទន់មួយ ព្រោះយើងមិនអាចខ្វះភាសាបរទេស និងកុំព្យូទ័របានឡើយ ដោយសារពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងសម័យបច្ចេកវិទ្យា និងការទំនាក់ទំនងគ្នាជាអន្តរជាតិ៕