រថយន្តមីស៊ូមីស៊ីក្រៃតុនចង្កូតស្តាំបើកបុករៈរបាំងថ្មចែកទ្រូងផ្លូវ នៅក្រុងប៉ោយប៉ែត បណ្តាលខូចខាតភ្លើងសញ្ញាដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ
បន្ទាយមានជ័យ៖សង្ស័យបើកបរលង់លក់បណ្ដាលឱ្យរថយន្តមីស៊ូមីស៊ីក្រៃតុនចង្កូតស្តាំ បុករៈរបាំងថ្មចែកទ្រូងផ្លូវ បណ្តាលខូចខាតភ្លើងសញ្ញាកាលពីយប់ទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្ថិតភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតបានឲ្យថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តមីស៊ូមីស៊ីក្រៃតុនចង្កូតស្តាំពាក់ផ្លាក់លេខBB-1742 បានបើកបរតាមផ្លូវរង្វង់មូលចូលច្រកទ្វារទិសដៅលិចមកកើតលុះមកដល់ចំណុចកើតហេតុខាងលើបានបុករៈឡើងរបាំងថ្មចែកទ្រូងផ្លូវ បណ្តាលជាប់និងរងការខូចខាតភ្លើងសញ្ញានិងរថយន្តផ្នែកខាងមុខតែសំណាងគ្មានរងគ្រោះ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងកម្លាំងជំនាញបានចុះទៅពិនិត្យអាចថាគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងបណ្តាលមកពីអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនហើយទំនងលង់លក់ព្រោះយប់ទៀបភ្លឺបានបុករបាំងថ្មចែកទ្រូងផ្លូវដែលបង្កខូចខាតរថយន្តនិងទ្រព្យសម្បត្តិរដ្ឋ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងហើយរថយន្តដែលបង្កដោយខ្លួនឯងខូចខាតទ្រព្យសម្បត្តិរដ្ឋត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយតាមច្បាប់៕