អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖កម្លាំមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច (ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុច កាស៊ីណូហ្គែនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ការបង្រ្កាបករណីខាងលើនេះបានធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ ចេង សុខជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ហ៊ន រ៉ាវ៉ាន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយឃាត់ខ្លួន និងសួរនាំរួចបានឆ្លើយសារភាបថា ខ្លួនពិតជាបានលួចម៉ូតូរបស់ ជនរងគ្រោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1K-0609 ដែលចតទុកចោលនៅមុខកាស៊ីណូហ្គែនទីង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ពិតប្រាកដមែន។ ជនសង្ស័យរូបនេះត្រូវបានកម្លាំងជំនាញធ្វើសេត្តទឹកនោម ឃើញមានសារធាតុញៀនផងដែរ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៣៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ។ចំណែកវត្ថុតាង ម៉ូតូ ត្រូវបានម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប្រគល់ជូនម្ចាស់វិញហេីយ៕