អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញកាត់វិញ្ញាសារប្រឡងវិញ្ញាបនប័ត្រ ពុទ្ធិកបឋមសិក្សា (បាលីរង)នៅពុទ្ធិកវិទ្យាល័យ សម្ដេច ជា ស៊ីម ក្នុងក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាចុងសប្តាហ៍នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីកាត់វិញ្ញាសារប្រឡងវិញ្ញាបនប័ត្រ ពុទ្ធិកបឋមសិក្សា (បាលីរង) របស់សមណៈសិស្សទូទាំងខេត្តបន្ទាយមានជ័យ នៅពុទ្ធិកវិទ្យាល័យ សម្ដេច ជា ស៊ីម ក្នុងក្រុងសិរីសោភ័ណ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តមន្ទាយមានជ័យ បានឲ្យដឹងថា បេក្ខសមណៈ បេក្ខជន ដែលត្រូវធ្វើការប្រឡងនាថ្ងៃនេះ សរុបចំនួន ៣៦ អង្គ/នាក់ ចែកចេញជា ១៥ បន្ទប់ ហើយការប្រឡងមានរយៈពេលពីរថ្ងៃពេញ។លោក បៀវ ថាន បានបញ្ជាក់បន្ថែមថា មុខវិជ្ជាដែលសមណៈសិស្ស ត្រូវធ្វើការប្រឡងមានចំនួន ៩ មុខវិជ្ជារួមមាន ភាសាបាលី តែងសេចក្ដី ប្រវត្តិ ភូមិ វិទ្យាសាស្រ្តអនុវត្ត ពុទ្ធវិន័យ ពុទ្ធប្រវត្តិ សរសេរតាមអាន និងគណិតវិទ្យា។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានសម្តែងការកោតសរសើរ ដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណ ស្រុក ក្រុង ពិសេសមន្ត្រីនៃមន្ទីរធម្មការទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការចូលរួមបណ្ដុះបណ្ដាល ធនធានព្រះសង្ឃ ដែលស្របទៅតាមគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឲ្យមានការរីកចម្រើន ជាពិសេសសម្ដេចអធិបតីបានបន្តលើកតម្កើង សាលាបាលីឱ្យរីកដុះដាលបន្ថែមទៀត ដែលស្របជាមួយរដ្ឋធម្មនុញ្ញ ត្រង់មាត្រា ៦៨ ដែលបានចែងថា រដ្ឋផ្សព្វផ្សាយនិងលើកតម្កើង សាលាបាលីនិងពុទ្ធិកសិក្សា។
ឯកឧត្តម អ៊ុំ រាត្រី បន្តថា ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញនិងការអភិវឌ្ឍន៍វិស័យពុទ្ធិកសិក្សាចាប់ពីកម្រិតបឋម កម្រិតមធ្យមនិងឧត្តម ក្រោយកម្រិតឧត្តម គឺជាឆ្អឹងខ្នងដ៏រឹងមាំរបស់ព្រះពុទ្ធសាសនា ប្រកបដោយចំណេះជំនាញ ធនធាននិងមានគុណធម៌ពិតប្រាកដ។ គួរបញ្ជាក់ថា ក្នុងការប្រឡងរបស់បេក្ខសមណៈ បេក្ខជន នាថ្ងៃនេះឯកឧត្តម អ៊ុំ រាត្រី ក៏បានឧបត្ថម្ភថវិកាចំនួន ៣០០$ សម្រាប់ជួយចូលរួម ផ្គត់ផ្គង់ចង្ហាន់និងភេសជ្ជៈផងដែរ៕