អភិបាលខេត្តកណ្ដាល ណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ អង្គភាពពាក់ព័ន្ធ ពិសេសមន្ទីរបរិស្ថាន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសំរាម កាកសំណល់រឹង រាវ គ្រប់ប្រភេទឱ្យបានត្រឹមត្រូវ
ខេត្តកណ្ដាល៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកណ្តាល នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង–ស្រុកទាំង១៣ អង្គភាពពាក់ព័ន្ធ ពិសេសមន្ទីរបរិស្ថាន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងសំរាម កាកសំណល់រឹង រាវ គ្រប់ប្រភេទឱ្យបានត្រឹមត្រូវ ពិសេសក្រុង–ស្រុកទាំងអស់ត្រូវមានទីតាំងទុកដាក់សំរាមឱ្យបានគ្រប់ក្រុង–ស្រុកទាំងអស់។ ក្រៅពីនេះផងដែរក្រុង–ស្រុកទាំង១៣ ត្រូវស្វែងរកទីតាំងសម្រាប់ធ្វើជាឧទ្យានរបស់ខ្លួន ដោយមានហេដ្ឋារចនាសម្ព័ន្ធ ដាំដើមឈើប្រកបដោយភាពបៃតង និងដាក់បង់សម្រាប់ប្រជាពលរដ្ឋមកលេងកម្សាន្តផងដែរ។
បន្ថែមពីនេះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់កងកម្លាំងទាំង៣ និងអាជ្ញាធរក្រុង–ស្រុកគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ–ឃុំ–សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួមបង្ការ, ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត, ជាពិសេស សកម្មភាពលួច, ឆក់, ប្លន់, ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់, ល្បែងស៊ីសងខុសច្បាប់, ការជួញដូរមនុស្ស, ការជម្រិតទារប្រាក់, បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង សកម្មភាពក្មេងទំនើង ។ល។ បន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើង កំពុងមានការរីកចម្រើនយ៉ាងរហ័ស ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាលគ្រប់ប្រភេទ កាន់តែងាយស្រួល និងកាន់តែឆាប់៕