មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញត្រួតពិនិត្យ ការប្រកួតកីឡាក្បាច់គុន កងយោធពលខេមរភូមិន្ទ នៅទីលានសាលាគុន កងពលតូចថ្មើរជើងលេខ៥១
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយថ្នាក់ដឹកនាំកងពល នាយការិយាល័យ ផ្នែកជំនាញ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញត្រួតពិនិត្យ ការប្រកួតកីឡាក្បាច់គុន កងយោធពលខេមរភូមិន្ទ វគ្គហ្វឹកហ្វឺនគ្រូបង្គោល នៅទីលានហ្វឹកហាត់ សាលាគុនកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ កងពល បានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់សិក្ខាកាម វគ្គគ្រូបង្គោល កីឡាក្បាច់គុន កងយោធពលខេមរភូមិន្ទ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត យកចិត្តទុកដាក់ក្នុងការសិក្សា ដកបទពិសោធន៍ រួមចំណែកក្នុងការលើកស្ទួយវិស័យកីឡាក្បាច់គុន កងយោធពលខេមរភូមិន្ទ ដែលជាក្បាច់គុនដូនតាបន្សល់ទុក ជាពិសេស បានពង្រឹងនូវកាយសម្បទារបស់យោធិនឲ្យកាន់តែរឹងមាំ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ក៏បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ សូមបន្តការសិក្សាស្រាវជ្រាវ ដកបទពិសោធន៍ ក្រេបយកចំណេះដឹង ពីលោកគ្រូបង្ហាត់បន្ថែមទៀត ដើម្បីយកចំណេះដឹងផ្តល់ឲ្យយោធិន តាមកងឯកភាព កាន់តែល្អប្រសើរឡើង៕