កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចុះល្បាតការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនពលរដ្ឋ តាមទីប្រជុំជន និងតំបន់ទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំចិន
បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការ ឲ្យកងកម្លាំងនគរបាលគ្រប់ផែនជំនាញ កម្លាំងអន្តរាគមន៍ និងកម្លាំងអធិការដ្ឋាននគរបាលស្រុក–ក្រុងទាំង៩ បានចុះបេសកកម្មយាម ល្បាត ការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមមូលដ្ឋាន ទីប្រជុំជន វត្តអារាម តំបន់ទេសចរណ៍ នៅថ្ងៃទី០៩.១០ .១១ ខែកុម្ភៈ ឆ្នាំ២០២៤ ទទួលបាននូវសុខសុវត្ថិភាពល្អជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យចូលប្រពៃណីជនជាតិចិន និង វៀតណាម។
ជាលទ្ធផល រយះពេល៣ថ្ងៃនេះសមត្ថកិច្ចយើងបានកត់សម្គាល់ថា មានសភាពស្ងប់ស្ងាត់ល្អ បទល្មើសព្រហ្មទណ្ឌ(គ្មាន) –គ្រោះអគ្គីភ័យគ្មាន –បទល្មើសចរាចរណ៍ កើតមានតិចតួចបំផុត។ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ០២ករណី នៅស្រុកអូរជ្រៅ១ករណី និង នៅក្រុងសិរីសោភ័ណ ១ករណី បណ្តាលឲ្យមនុស្ស២នាក់ស្លាប់(ប្រុស) និងរបួសស្រាល១នាក់(ស្រី) ខូចខាតម៉ូតូ២គ្រឿង និងរថយន្ត២គ្រឿង។ កម្លាំងមួយចំនួនត្រូវបានដាក់ពង្រាយ តាមដងផ្លូវ ទីប្រជុំជន តំបន់ទេសចរណ៍ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ ឬមកទស្សនាតំបន់ទេសចរណ៍នៅក្នុងខេត្តបន្ទាយមានជ័យ។
ក្រៅពីនេះនៅពេលរាត្រី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ផែនការឲ្យកងកម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការត្រួតពិនិត្យអាវុធ ,ទប់ស្កាត់ អ្នកបើកបរក្នុងស្ថានភាពស្រវឹងនិងធ្វើការអប់រំច្បាប់ចរាណ៍ដល់អ្នកដំណើរ បើកបរម៉ូតូ,រថយន្ត និងបានណែនាំដល់ពលរដ្ឋមិនឲ្យដុតផាវឬកាំជ្រួចផងដែរ។ ក្នុងនោះកម្លាំងមួយចំនួនត្រូវបានត្រៀម សម្រាប់ចុះអន្តរាគមបង្ការ បង្ក្រាប បទល្មើសផ្សេងៗ និងគ្រោះអគ្គីភ័យដែលអាចកើតមានជាយថាហេតុផងដែរ៕