សម្ពោធដាក់ឱ្យដំណើរការ អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ខេត្តសៀមរាប៖ អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប (គន្ធបុប្ផាទី៣) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា ។
អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសាងសង់បន្ថែមជាលើកទី២នេះ ដែលមានគ្រែសរុបចំនួន១២០គ្រែ ក្នុងនោះមាន៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត ដែលបានចាប់ផ្តើមការដ្ឋានសាងសង់នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីឆ្លើយតបតាមតម្រូវការសេវាជូនស្ត្រីមានផ្ទៃពោះ និងទារក ក្នុងការចូលរួមកាត់បន្ថយអត្រាមរណភាពមាតា ទារក ពេលសម្រាលក្នុងមន្ទីរពេទ្យ ជាពិសេសទទួលនូវអត្ថប្រយោជន៍សាច់ប្រាក់ឧបត្ថម្ភអំពីគោលនយោបាយសមធម៌ និងគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។ អគារទាំងមូល ត្រូវបានសាងសង់ឡើងមានកម្ពស់៣ជាន់ និងមានក្រឡាផ្ទៃសរុបចំនួនប្រមាណ១៥០០ម២ លើផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងអស់ដែលមានក្រឡាផ្ទៃប្រមាណ៥,៥ហិចតា ដែលចំណាយថវិកាសាងសង់អស់ប្រមាណ២,៥លានដុល្លារអាមេរិក និងប្រមាណ៥០ម៉ឺនដុល្លារអាមេរិកសម្រាប់ការបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ជាបន្តបន្ទាប់។
នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងថា«សមិទ្ធផលថ្ងៃនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល ដែលជាមុំអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម និងអភិវឌ្ឍន៍»។
ជាមួយគ្នានោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យ ដូចខាងក្រោម
–សូមបន្តថែរក្សាអគារ និងសម្ភារបរិក្ខារវេជ្ជសាស្រ្ត ព្រមទាំងបន្តព្យាយាមរៀនសូត្រ និងអនុវត្តក្នុងប្រតិបត្តិការឱ្យបានត្រឹមត្រូវ ជាមួយអ្នកជំងឺ ជាពិសេសក្រុមគ្រូសារអ្នកជំងឺ ដោយក្រមសីលធម៌វិជ្ជាជីវៈ
–បន្តស្រាវជ្រាវ និងធ្វើនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាលបន្ថែមទៀត ដើម្បីជួយសម្រួល និងបង្កើនប្រសិទ្ធការងារបច្ចេកទេសបន្ថែមទៀត
–ត្រូវបន្តចូលរួមបណ្តុះបណ្តាលអ្នកជំនាញ និងនិស្សិត
–សូមចូលរួមរក្សា និងតម្កាល់លទ្ធផលជោគជ័យបែបនេះបន្តទៀត ដើម្បីជាការជឿទុកចិត្តពីសាធារណជនផងដែរ ៕