សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកបើកបរយានយន្តទាំងអស់ សូមបើកបរគោរពតាមច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសកុំឱ្យមានទុក្ខសោកដល់ក្រុមគ្រួសារអ្នកដទៃ បញ្ជៀសកុំឱ្យអ្នកដទៃស្រក់ទឹកភ្នែក ដោយសារការបើកបរមិនគោរពច្បាប់
រាជធានីភ្នំពេញ៖ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវ គឺបានជួយឱ្យការធ្វើដំណើរប្រជាពលរដ្ឋកាន់តែងាយស្រួល កាត់បន្ថយចំណាយ និងកាត់បន្ថយពេលវេលាធ្វើដំណើរ បង្រួមខេត្តក្រុងឱ្យកាន់តែជិតគ្នា។ តាមរយៈកំណើន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាននៅទូទាំងប្រទេសកម្ពុជា បានចូលរួមរុញកំណើន រោងចក្រ សហគ្រាស ជាច្រើនទៅដល់បណ្ដាខេត្ត បង្កើនការងារ និងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា) ដែលជាប្រភេទស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧ម៉ែត្រ មានចំណុចចាប់ផ្តើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
ក្នុងនោះសម្ដេចធិបតីបានបញ្ជាឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញពិនិត្យលទ្ធភាពជាមួយវិស័យឯកជន និងប្រជាពលរដ្ឋម្ចាស់ដី ដើម្បីអាចបើកផ្លូវត្រង់ចំណុចស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា) ដោយធ្វើយ៉ាងណាអាចឱ្យពលរដ្ឋធ្វើដំណើរត្រង់ទៅចំផ្លូវជាតិលេខ១តែម្ដង ដើម្បីផ្ដល់ភាពកាន់តែងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺជាអាទិភាពទីពីរដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងដាក់ចេញក្នុងគោលនយោបាយ និងយុទ្ធសាស្រ្ដជាតិ បន្ទាប់ពីមនុស្ស។ សម្តេចបន្តថាគម្រោងសាងសង់ស្ពានពីផ្សារចាស់ទៅអរិយក្សត្រ និងស្ពានដែលធំជាងគេនៅខេត្តក្រចេះ ពេលនេះកំពុងសិក្សាដើម្បីឈានទៅធ្វើការសាងសង់នាពេលខាងមុខ។ការបង្កើនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន គឺដោយសារមានកំណើនប្រជាជន និងសេដ្ឋកិច្ចជាតិ រីកចម្រើន ដែលទាមទារឱ្យមានការពង្រីកការសាងសង់បន្ថែម។សម្តេចធិបតីបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ គិតទាំងប្រជាពលរដ្ឋរស់នៅអចិន្រ្ដៃយ៍ និងប្រជាពលរដ្ឋមកប្រកបការងារពីបណ្ដាខេត្តសរុបមានជាង ៣ លាននាក់ ដូច្នេះការដោះស្រាយបញ្ហាចរាចរណ៍គឺត្រូវគិតគូរមិនអាចរងចាំបានទេ។ បញ្ហាចរាចរណ៍នេះ ត្រូវបានគិតគូរតាំងពីអាណត្តិមុនដោយសម្ដេចតេជោ ហ៊ុន សែន ដូច្នេះមិនត្រូវរងចាំទៀតទេគឺត្រូវការដោះស្រាយបញ្ហនេះតាមរយៈការបង្កើនសមត្ថភាពមធ្យោបាយដឹកជញ្ជូនសាធារណៈ, ការបើកផ្លូវក្រវាត់ក្រុង និងមធ្យោបាយក្រោមដី (រថភ្លើងក្រោមដី) និងលើអាកាស (រថភ្លើងលើអាកាស)។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា កន្លងមកនេះ មិត្តចិនបានជួយសាងសង់ស្ពានធំៗឆ្លង កាត់ទន្លេនៅកម្ពុជា បានចំនួន ១៦ ស្ពានរួចហើយ។ ចិន គឺជាប្រទេសដែលឈរនៅលំដាប់ទី១ ដែលបានផ្ដល់ឥណទាន និងជំនួយផ្សេងៗ ដើម្បីជំរុញការសាងសង់ហេដ្ឋារចនាសម្ពន្ធ(ស្ពាន, ផ្លូវ,…) នៅកម្ពុជា។ក្នុងឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសឱ្យត្រៀមមធ្យោបាយដឹកជញ្ជូន និងទឹកសុទ្ធ សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរនាពេលខាងមុខ។
ទន្ទឹមនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាឱ្យបន្តការត្រួតពិនិត្យ និងរឹតបន្ដឹងច្បាប់ចរាចរណ៍បន្ថែមទៀត ជាពិសេសករណីត្រួតពិនិត្យគ្រឿងស្រវឹងនៅតាមរាជធានី ខេត្ត។ សម្ដេចស្នើឱ្យប្រជាពលរដ្ឋស្វ័យម្ចាស់ការលើការបើកបរ ត្រូវបើកបរដោយប្រុងប្រយ័ត្ន។ សម្ដេចធិបតីបានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ដោយបញ្ហាចរាចរណ៍នៅកម្ពុជា បច្ចុប្បន្ន ច្រើនជាងអ្នកស្លាប់ដោយសង្គ្រាម និងគ្រាប់មីនទៅទៀត។ សម្ដេចធិបតីបានស្នើដល់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ កុំគេចវេះ និងត្រូវចូលខ្លួនមកទទួលខុសត្រូវលើកំហុសរបស់ខ្លួន។ សម្ដេចធិបតី បានអំពាវនាវដល់អ្នកបើកបរយានយន្តទាំងអស់ សូមបើកបរគោរពតាមច្បាប់ចរាចរណ៍ ដើម្បីបញ្ចៀសកុំឱ្យមានទុក្ខសោកដល់ក្រុមគ្រួសារអ្នកដទៃ បញ្ជៀសកុំឱ្យអ្នកដទៃស្រក់ទឹកភ្នែក ដោយសារការបើកបរមិនគោរពច្បាប់៕