យោធិន នៃកងរាជអាវុធហត្ថចំនួន៧រូប ត្រូវបានប្រកាសចូលកាន់មុខតំណែង និងបំពាក់ឋានន្តសក្តិ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែង និងបំពាក់ឋានន្តសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថចំនួន៧រូប ថ្នាក់វរសេនីយ៍ត្រី៤រូប និងថ្នាក់វរសេនីយ៍ទោចំនួន៣រូប។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តចំនួន១១៧រូបផងដែរ។
នាឱកាសនោះ លោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹកផងដែរ។
ក្នុងនោះលោកឧត្តមសេនីយត្រី ក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវពង្រឹងការយកចិត្តទុកដាក់ក្នុងកិច្ចការងារតាមតួនាទី ភារកិច្ច របស់ខ្លួនឱ្យបានល្អ ត្រូវមានសុជីវធម៌ល្អ សីលធម៌ល្អ ក្លាហាន ម៉ឺងម៉ាត់ ក្នុងការងារ និងមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការអនុវត្តភារកិច្ចកិច្ច។ជាមួយគ្នានោះ លោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានសង្កត់ធ្ងន់ៗដល់អាវុធហត្ថគ្រប់រូប មិនត្រូវពាក់ព័ន្ធគ្រឿងញៀនឡេីយ ជាពិសេសមិនត្រូវមានការអន្តរាគមន៍ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រេីប្រាស់គ្រឿងញៀនជាដាច់ខាត បេីមានត្រូវតែបង្ក្រាបដោយគ្មានការលេីកលែងឡេីយ។
លោកមេបញ្ជាការការ បន្តថា ដេីម្បីឱ្យអង្គភាពរឹងមាំ យេីងត្រូវរួមគ្នាថែរក្សាប្រើប្រាស់ឱ្យបានល្អនូវមធ្យោបាយ បរិក្ខារ គ្រឿងបំពាក់រួមគ្នា និងថែទាំអគារធ្វើការងារ អគារស្នាក់នៅ និងសមិទ្ធផលនានាដែលយើងមាន។ ជាពិសេសដើម្បីបម្រើកិច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានរៀងៗខ្លួន ពោលគឺការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពេលជួបគ្រោះថ្នាក់ផ្សេងៗ៕