សិក្ខាសាលាបូកសរុបលទ្ធផលការងាររបស់សមាគមឆ្មប ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ
(ភ្នំពេញ)៖សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ នៅតែជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់ៗអាណត្តិ។ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញបើកអង្គសិក្ខាសាលាបូកសរុបលទ្ធផលការងាររបស់សមាគមឆ្មប ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ
នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។
លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី បានមានប្រសាសន៍បន្តថា ក្នុងរយៈពេលពីរទសវត្សកន្លងមកនេះប្រទេសកម្ពុជា សម្រេចបានជោគជ័យដ៏ធំធេងក្នុងការកាត់បន្ថយនូវអត្រាមរណភាព របស់មាតា ទារក និងកុមារដែលទាំងនេះ ក៏ដោយសារមានការចូលរួមចំណែកពីការពង្រឹងប្រព័ន្ធសុខាភិបាល រួមទាំងការវិនិយោគលើការថែទាំសុខភាព ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការដាក់ពង្រាយឆ្មបឲ្យមាននៅគ្រប់មណ្ឌលសុខភាព។ស្ទើរតែគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់បានទទួលការពិនិត្យមុនពេលសម្រាល និង ៩៩% នៃការសម្រាលទាំងអស់ត្រូវបានផ្តល់សេវាដោយបុគ្គលិកជំនាញដែលទទួលបានការបណ្តុះបណ្តាល។ កត្តាជោគជ័យទាំងនេះ ពិតជាមិនអាចកាត់ថ្លៃបានពីការចូលរួមចំណែកយ៉ាងសកម្មពីក្រុមឆ្មបទាំងអស់គ្នា។
បញ្ជាក់ៈសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
១– បង្ហាញពីលទ្ធផលសកម្មភាពការងាររបស់សមាគមឆ្មបកម្ពុជា
២– ចែករំលែកបទពិសោធន៍នូវចំនុចខ្លាំង និងចំនុចខ្វះខាតដែលបានជួបប្រទះកន្លងមក ព្រមទាំងវិធានការដោះស្រាយតាមសាខានីមួយៗ។
៣– អនុវត្តធ្វើផែនការសកម្មភាពបន្តទៅតាមសាខានីមួយៗ ៕