អាវុធហត្ថ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង២១និង១០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ លីហួរ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅចំណុចភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន –គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០២កូនថង់កិប ទម្ងន់ ០,៩០ក្រាម, –ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ គ្មានពាក់ផ្លាកលេខ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ លុះដល់ចំណុចខាងលើប្រទះឃេីញជនសង្ស័យ ម្នាក់អង្គុយនៅលើម៉ូតូ ដោយមានការសង្ស័យ ទើបកម្លាំងហៅមកសួរនាំ ព្រមទាំងធ្វើការឆែកឆេរ រកឃើញមានគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា(ទឹកកក) ចំនួន០២កូនថង់កិប ទម្ងន់០,៩០ក្រាម។ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងធ្វើការឃាត់ខ្លួនហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនកមទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕