បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមនជ័យ៖ជនសង្ស័យឈ្មោះ ហៃ សុងត្រា ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ដែលជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០៦ ខែកម្ភ: ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅជិតមណ្ឌលចត្តាឡីស័កកូបធំ ស្ថិតក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងដកហូតបាននូវវត្ថុតាមាន ម៉្សៅក្រាមពណ៌សចំនួន០២កូនថង់កិប ស្មើនឹងទម្ងន់១,៥៥ក្រាម និងសម្ភារ:មួយចំនួនទៀត រួចបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនមកទុកប្រើប្រាស់ខ្លួនឯងផង និងទុកលក់ដូរបន្តផង ។
ដោយផ្អែកលើវត្ថុតាង និងចម្លើយសារភាពរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ខាងលើរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី០៨ ខែកម្ភ: ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី៕