ល្បែងស៊ីសងប្រភេទឡូតូ(ឆ្នោត99លេខ) កំពុងបើកឱ្យលេងយ៉ាងគក្រឹកគគ្រេង នៅក្នុងភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ស្នើឲ្យអធិការនគរបាលពិនិត្យផងទាន
ខេត្តតាកែវ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវបទបញ្ជាយ៉ាងដាច់ណាត់ឲ្យបិទរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសតាមអនឡាញដូចជាជល់មាន់ ឡូតូជាដើម ក្រោយមកឃើញថា ថ្នាក់ដឹកនាំតាមបណ្តាលខេត្ត ពិសេសខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត បានបើកកិច្ចប្រជុំណែនាំដល់មន្ត្រីថ្នាក់ក្រោមឲ្យចុះបង្ក្រាប បិទឱ្យអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងខេត្ត បើក្នុងករណីនូវតែបន្តកើតមានក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ តែបែជានៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បែជាបើកល្បែងស៊ីសងប្រភេទឡូតូ(ឆ្នោត99លេខ) ដោយចេញកន្ទុយសន្លឹក ដូចកណ្ដាសវីងអញ្ចឹង បីនាទីចេញម្ដង លេងយ៉ាងគក្រឹកគគ្រេងអាជ្ញាធរហាក់បីដូចជាមិនសូវខ្វល់ខ្វាយទៅវិញ។
ដូច្នេះដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ពិសេសបទបញ្ជារបស់ប្រមុខថ្នាក់ដឹកនាំ និងថ្នាក់ខេត្ត សូមស្នើឲ្យលោកអធិការនគរបាលស្រុកទ្រាំង ធ្វើការពិនិត្យនិងមានវិធានការផងទានព្រោះថា មានល្បែងស៊ីសងតែងតែកើតមានឡើង នូវអំពើ និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរប្លន់ អំពើហិង្សាក្នុងគ្រួសារ ។ដោយសារឥទ្ធិពល នៃការញៀនល្បែង ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនលក់អស់ទ្រព្យសម្បត្តិ ដីធ្លី ព្រមទាំងជំពាក់បំណុលគេជុំទិស បង្កជាអសន្តិសុខក្នុងសង្គមជាដើម ៕មានវគ្គបន្ត ដោយ៖ លោក ផូង បញ្ញា