លោក តុល សារិន មេឃុំអូបីជាន់ បានអំណាចពីការតែងតាំងពីរដ្ឋបាលខេត្ដបន្ទាយមានជ័យ ដែលមិនមែនជាមេឃុំជាប់ឆ្នោត ហ៊ានចុះហត្ថលេខា ផ្ទេរកម្មសិទ្ធិ លក់ទិញដី និងយកធ្វើកម្មសិទ្ធិខ្លួនឯង នៅលើដីក្រុមហ៊ុន ASK & KH គ្រុប បង្កើតវិវាទ បង្កើតជម្លោះដីធ្លី ដល់ប្រជាពលរដ្ឋ
ខេត្តបន្ទាយមានជ័យ ៖ សូមឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយមើលលោក តុល សារិន មេឃុំអូរបីជាន់ផងទាន សព្វថ្ងៃនេះ កំពុងល្បីខ្លាំងរឿងអាស្រូវ ចេញផ្ទេរកម្មសិទ្ធិ រំលោភលើលិខិត ទប់ស្កាត់ លិខិតបដិសេធ លិខិតអន្តរាគមន៍ និងល្បីរឿងមេភូមិ អនុភូមិ នៅក្នុងឃុំអូរបីជាន់ទាំងមូល ផ្ដិតមេដៃអន្តរាគមន៍ទៅសាលាខេត្ត ដើម្បីផ្លាស់ប្ដូរតួនាទីមុខតំណែងទៀតផង។
លោក តុល សារិន ក្រោយពីរដ្ឋបាលខេត្ដបន្ទាយមានជ័យ ប្រកាសតែងតាំងខ្លួន ឲ្យចូលកាន់មុខតំណែងជាមេឃុំ អូរបីជាន់ ដូចយកមកអោយជាន់ក រាស្រ្ត បង្កើតជម្លោះបង្កើតវិវាទដីធ្លី ដល់ប្រជាពលរដ្ឋ និងដល់ក្រុមហ៊ុន ASK & KH គ្រុប នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ជាក់ស្ដែង នៅពេលដែលលោក តុល សារិន មានអំណាចមានតួនាទី ជាមេឃុំ ដែលតែងតាំងដោយរដ្ឋបាលខេត្ដបន្ទាយមានជ័យ មិនមែនជាមេឃុំជាប់ឆ្នោត កំពុងតែឈ្លក់វង្វេងនិងអំណាចរបស់ខ្លួន បានប្រើអំណាចតួនាទីរបស់ខ្លួន បំពានលើច្បាប់ រំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន ASK & KH គ្រុប ក្នុងការដាក់បណ្ដឹងអន្តរាគមន៍បណ្ដឹង ទប់ស្កាត់ លើការផ្ទេកម្មសិទ្ធិលក់ទិញអចលនទ្រព្យ។ សូម្បីតែដីក្រុមហ៊ុន ASK & KH គ្រុប ក៏លោក តុល សារិន មេឃុំអូរបីជាន់ ហ៊ានធ្វើលិខិតផ្ទេរកម្មសិទ្ធិមកជារបស់ខ្លួន រំលោភយកដីក្រុមហ៊ុន ASK & KH គ្រុបចំនួន ១៦ហិកតា ទៅបង្កើតក្រុមហ៊ុនរបស់ខ្លួន និងប្រពន្ធឈ្មោះ ពៅ វណ្ណា លក់ដីឡូត៍អោយប្រជាពលរដ្ឋ ដែលមានឈ្មោះគំរោងអភិវឌ្ឍន៍ក្រុមហ៊ុនពៅ វណ្ណា ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ផ្ទុយនិងច្បាប់ ផ្គើនទៅនិងលិខិតទប់ស្កាត់ របស់មេធាវីតំណាងដោយអាណត្តិ ក្រុមហ៊ុន ASK & KH គ្រុប ដែលបានដាក់បណ្ដឹងទប់ស្កាត់ ចូលទៅសាលាខេត្តបន្ទាយមានជ័យ សាលាស្រុកអូរជ្រៅ និងសាលាឃុំឃុំអូរបីជាន់ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ និងធ្វើលិខិតទប់ស្កាត់ជារៀងរាល់ឆ្នាំ រហូតមកដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។ តែពាក្យបណ្ដឹងសុំទប់ស្កាត់ទាំងអស់ហាក់ដូចជាគ្មានប្រសិទ្ធិភាពចំពោះ លោក តុល សារិន មេឃុំអូរបីជាន់បន្ដិចសោះឡើយ។
លោក តុល សារិន ក្រោយពីផ្ទុះរឿងអាស្រូវ យកដីរបស់ ក្រុមហ៊ុន ASK & KH គ្រុប ចំនួន ១៦ហិកតា ដែល បានដាក់បណ្ដឹងទប់ស្កាត់រួចហើយនោះ ទៅបើកក្រុមហ៊ុន គំរោងអភិវឌ្ឍន៍ ពៅ វណ្ណា ពុះឡូតិ៍លក់អោយប្រជាពលរដ្ឋ ទាញពលរដ្ឋអោយរងគ្រោះនៅក្នុងវិវាទដីធ្លីក្នុងក្រុមហ៊ុនរបស់លោក និងប្រពន្ធឈ្មោះ ពៅ វណ្ណា ដោយមិនដឹងខ្លួន និងល្បីថាមាន មេភូមិ និងអនុភូមិ នៅក្នុងឃុំអូរបីជាន់ទាំងមូល បានដាក់ញត្តិ ស្ដីពីការស្នើសុំផ្លាស់ប្ដូរលោកតុល សារិន ដែលមិនមែនជាមេឃុំជាប់ឆ្នោត ដោយដាក់អ្នកផ្សេងដែលជាមេឃុំជាប់ឆ្នោតវិញ ដោយមានហត្ថលេខា និងស្នាមមេដៃរបស់មេភូមិ និងអនុភូមិទាំងអស់ នៅក្នុងឃុំអូរបីជាន់កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ។
តំណាងក្រុមហ៊ុន ASK & KH គ្រុប បានលើកឡើងថា ក្រុមហ៊ុន បានដាក់បណ្ដឹងទប់ស្កាត់ ចូលទៅសាលាឃុំអូរបីជាន់ សាលាស្រុកអូរជ្រៅ សាលាខេត្តបន្ទាយមានជ័យ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២៣ នៅតែទប់ស្កាត់មិនបាន រហូតលោក តុល សារិន ខ្លួនឯងជាមេឃុំ ទៅចុះហត្ថលេខាខ្លួនឯងធ្វើលិខិតផ្ទេរដីកម្មសិទ្ធិដីធ្លីរបស់ក្រុមហ៊ុន ASK & KH គ្រុប ចំនួន ១៦ហិកតា មកជាកម្មសិទ្ធិរបស់ខ្លួន និងប្រពន្ធឈ្មោះ ពៅ វណ្ណា ពុះឡូតិ៍លក់អោយប្រជាពលរដ្ឋស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ដោយខាងភាគីក្រុមហ៊ុន ASK & KH គ្រុប បានចេញលិខិតបដិសេធ លិខិតទប់ស្កាត់ និងលិខិតជូនដំណឹង ទៅអាជ្ញាធរឃុំ ស្រុក ខេត្ត ក៏លោក តុល សារិន មេឃុំអូរបីជាន់ នៅតែបន្តផ្គើន និងបានចេញលិខិតផ្ទេរកម្មសិទ្ធិ លក់ទិញដីកម្មរបស់ក្រុមហ៊ុន ASK & KH គ្រុប អស់ជាងពីររយហិកតា ទាំងដែលក្រុមហ៊ុន មិនបានទទួលប្រាក់មួយកាក់មួយសេនពីនាក់ទិញ។
ជុំវិញករណីខាងលើ អង្គភាពយើង មិនអាចសុំការបំភ្លឺណាមួយពីលោក តុល សារិន បាននូលឡើយដោយទូរស័ព្ទខលចូលមិនមានអ្នកទទួល តែទោះយ៉ាងលេះក្តីអង្គភាពយើង រងចាំការបំភ្លឺពីសាមីពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕