អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺជុំវិញរឿងលោក វរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត យកលុយប្រជាពលរដ្ឋចំនួន ១៨០០០ដុល្លា ដោយសន្យាថារត់ការចូលបំរើក្របខណ្ឌនគរបាលជាតិ
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួនជុំវិញរឿងលោក វរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត យកលុយប្រជាពលរដ្ឋចំនួន ១៨០០០ដុល្លា ដោយសន្យាថារត់ការយកកូនរបស់ខ្លួនចូលបំរើក្របខណ្ឌនគរបាលជាតិនោះ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចេញសេចក្តីបំភ្លឺ ដោយជម្រាបជូនដល់សាធារណៈជនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានជ្រាបថា ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៩:៣០ នាទី មានហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ (Pheng Vannak) បានសរសេរបង្ហោះថា ” ជំរាបសួរ លោក វរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត តើលោកសុខសប្បាយជាទេ? ប្រជាពលរដ្ឋរងគ្រោះផ្តល់ព័ត៌មានមកថា លោក វរសេនីយ៍ទោ យកលុយគាត់ ១៨០០០ដុល្លា ដោយសន្យាថារត់ការយកកូនគាត់ចូលបំរើក្របខណ្ឌនគរបាលជាតិ។ ឥលូវរត់ការមិនបាន មិនអោយលុយគាត់វិញ ហើយដេញគាត់អោយ ទៅប្តឹងដល់ណាប្តឹងទៅ? ខ្ញុំបាទទទួលព័ត៌មាននេះ និងបានបញ្ជូនបន្ត ទៅលោកស្នងការខេត្តបន្ទាយមានជ័យ សំណូមពរអោយជួយពិនិត្យ មើលករណីនេះ ហើយបើ លោកអធិការរងក្រុងប៉ោយប៉ែត យកលុយជនរងគ្រោះមែន សូមប្រគល់ជូនគាត់វិញ” ។
ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សូមធ្វើការបំភ្លឺ និងជម្រាបជូន ដល់សាធារណៈជនជ្រាបថា ៖ លោក វរសេនីយ៍ទោ សន ធឿន ពិតជាមានតួនាទីជា អធិការរង នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ពិតប្រាកដមែន។ ស្នងការបានទទួលរបាយការណ៍ស្តីអំពី ភាពអសកម្មការងារ ដោយមិនដឹងមូលហេតុ របស់ លោក វរសេនីយ៍ទោ សន ធឿន និងបានធ្វើលិខិតអញ្ជើញលោកអោយមកបំភ្លឺចំនួន ០២លើក ប៉ុន្តែសាមីខ្លួនមិន បានមកបំភ្លឺតាមការអញ្ជើញរបស់ស្នងការនគរបាលខេត្តឡើយ។
អនុវត្តតាមបទវិន័យនគរបាលជាតិកម្ពុជា ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កន្លងមក បានធ្វើការរៀបចំប្រជុំ ក្រុមប្រឹក្សាវិន័យរួចហើយ ពីភាពអសកម្ម ក្នុងការបំពេញការងារ របស់ លោកវរសេនីយ៍ទោ សន ធឿន ។ ចំពោះខ្លឹមសារ ហ្វេសប៊ុក របស់ លោក ផែង វណ្ណៈ (Pheng Vannak) ដែលបានចុះផ្សាយ ស្នងការនគរបាលខេត្តនឹងស្រាវជ្រាវអោយបាន គ្រប់ជ្រុងជ្រោយ ដើម្បីចាត់ការ តាមនីតិវិធី។
អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ ចំពោះសាធារណៈជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង សុវត្ថិភាពសង្គម ។
អាស្រ័យហេតុនេះសូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទទួលជ្រាបជាព័ត៌មាន៕