រថយន្ត២គ្រឿងនិងគោយន្តដឹកធុងបាស១គ្រឿង បុកបន្តកន្ទុយគ្នា បណ្តាលឲ្យរបួស៤នាក់ ធ្ងន់ម្នាក់នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មានមនុស្ស៤នាក់រងរបួសស្រាល និងធ្ងន់ ១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្ត២គ្រឿងនិងគោយន្តដឹកធុងបាស់ ១គ្រឿងបានបុកបន្តកន្ទុយគ្នា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចដើមពោធិ៍អាស្រមលោកយាយម៉ៅ ស្ថិតនៅៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ប្រភពព័ត៌មានបានឲ្យដឹងថា៖នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេបានឃើញរថយន្តម៉ាកtoyotaព្រូស ពណ៌ឈាមជ្រូក បើកបរក្នុងទិសដៅពីកើតទៅលិច ពោលគឺពីទីរួមខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត លុះមកដល់ចំណុចកើតហេតុខាលើ ក៏បានរ៉េចង្កូតទៅបុករថយន្តtoyota ធុនត្រា ពណ៌ស ពេញទំហឹងហើយរុលទៅបុកគោយន្តដឹកធុងបាស់ដែលបើកបរបញ្ច្រាស់ទិសគ្នាពីលិចមកកើត ពោលគឺពីក្នុងក្រុងប៉ោយប៉ែតឆ្ពោះទៅកាន់ទីរួមខេត្តបន្ទាយមានជ័យ បណ្តាលមានអ្នករងគ្រោះ៤នាក់ ក្នុងនោះមានស្ត្រីម្នាក់រងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយពីកើតហេតុគេសង្គេតឃើញកម្លាំងនគរបាល ដែលដឹកនាំដោយលោកវរៈសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង ទទួលបន្ទុកផែនចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍ ព្រមទាំងធ្វើការពិនិត្យនិងវាស់វែងតាមជំនាញផងដែរ។
លោកវរៈសេនីយ៍ទោ ឈឿន ប៊ុនថា បានឲ្យដឹងថា៖មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះគឺបង្កឡើងដោយរថយន្តម៉ាកព្រូស ដែលបើកបរក្នុងល្បឿនលឿនរ៉េចង្កូតទៅបុករថយន្តធុនត្រាចំពីមុខពេញទំហឹង ហើយរុលទៅបុកគោយន្តកន្ត្រៃដឹកធុងបាស់ បណ្តាលមានអ្នករងគ្រោះរបួសចំនួន៤នាក់ ស្រាល៣នាក់ ធ្ងន់ម្នាក់ជាស្ត្រីត្រូវជាប្រពន្ធអ្នកបើកបរគោយន្តដឹកធុងបាស់និងខូចខាតរថយន្ត២គ្រឿង គោយន្ត១គ្រឿង។
លោកបន្តថា៖ក្រោយធ្វើការវាស់វែងហើយរថយន្ត២គ្រឿងនិងគោយន្ត១គ្រឿង ត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោកជាក្រោយ៕