ឯកឧត្តម កែ កឹមយ៉ាន បានអញ្ជើញចុះពិនិត្យអំពីវឌ្ឍនៈភាព នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ(គម្រោងកូរ៉េ)
(បន្ទាយមានជ័យ) វឌ្ឍនៈភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យចំនួន៣ស្រុក ក្រុង ត្រូវបានឯកឧត្តម កែ កឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អមដំណើរដោយឯកឧត្តម ខេង ស៊ុម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជានាយករងខុទ្ទកាល័យអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក យឹម ប៉ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចុះពិនិត្យ នាថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤។
លោក យឹម ប៉ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានបញ្ជាកថា៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យរួមមាន៖
១ –អាងទឹកកន្សែង ស្ថិតក្នុងឃុំ សឹង្ហ ស្រុកអូរជ្រៅ
– ភ្លឺទំនប់អាងប្រវែង ៧,១២០គម
– ផ្ទៃអាងមានទំហំ៨៣០ហិតា
– បរិមាណទឹក ២២ ៨០០ ០០០ម៣
– លទ្ធភាពស្រោចស្រពស្រូវវស្សា ៦៣៦០ហិតា
– លទ្ធភាពស្រោចស្រពស្រូវប្រាំង ១៣១០ហិតា
២– អាងទឹកពង្រ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត
– ភ្លឺទំនប់អាង ប្រវែង ៦,២៣គម
– ផ្ទៃអាងមានទំហំ ៤៥៦,៨ហិតា
– បរិមាណទឹក ៧ ៩០០ ០០០ម៣
– លទ្ធភាពស្រោចស្រពស្រូវវស្សា ២៦០០ហិតា
– លទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ២២០ហិតា
៣– អាងទឹកវាំងហែង ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ
–ភ្លឺទំនប់អាងប្រវែង ៧,០១គម
– ផ្ទៃអាងមានទំហំ ៣៤០ហិតា
– បរិមាណទឹក ៦ ៩០០ ០០០ម៣
– លទ្ធភាពស្រោចស្រោពស្រូវវស្សា ២៥៧០ហិតា
– លទ្ធភាពស្រោចស្រពស្រូវប្រាំង ២២០ហិតា
លោក ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានមានប្រសាសន៍បន្តបញ្ជាក់ថា៖ ទំនប់អាងទឹកដែលមានសរុបប្រវែងសរុប ២០,៣៦គ.ម និងស្តារប្រឡាយមេ៦ខ្សែ មានប្រវែងសរុប ៨៧,៦០គ.ម ក្នុងនោះមានចាក់បេតុងប្រវែង៤០,១៦០គម និងសាងសង់សំណង់សិល្បៈការចំនួន២០៧កន្លែង លទ្ធផលកំពុងអនុវត្ត និងសម្រេចបានចំនួន ៤០.៩០% ធៀបទៅនឹងទំហំការងារ ឭនៃគម្រោងទាំងមូល។
បន្ទាប់ពីការចុះពិនិត្យអំពីវឌ្ឍនៈភាព នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្ររួចមកឯកឧត្តមគណៈប្រតិភូបានអញ្ជើញបន្តចុះពិនិត្យការរៀបចំតុបតែងវត្តដុកអារញ្ញ ដើម្បីត្រៀមទទួលអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស២០២៤ខាងមុខនេះផងដែរ៕