កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះរៀបចំសណ្ដាប់ធ្នាប់ នៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ដើម្បីកាត់បន្ថយការកកស្ទះ និងឱ្យមានរបៀបរៀបរយនោះ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ព្រហ្ម ឧត្តម អធិការង ទួលបន្ទុកខាងសណ្តាបធ្នាប់ និចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង ចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវជាតិលេខ៥ និងត្រង់ចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខណៈប្រជាពលរដ្ឋខ្មែរជាច្រើននាក់ចេញពីប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខនេះ ។
ក្នុងនោះកម្លាំងនគរបាល បានធ្វើការណែនាំដល់អាជីវករដែលលក់ដូរនៅចិញ្ចើមផ្លូវ តាមរទេះរុញក្តី ឱ្យឃិតចូលទៅខាងក្នុងឲ្យផុត ពិសេសអ្នករត់តាក់ស៊ី ឬរថយន្តឈ្នួល មិនអនុញ្ញាតឱ្យចតនៅចំណុចខាងលើឡើយ ដើម្បីបញ្ចៀសការស្ទះចរាចរណ៍ ។
ទន្ទឹមនឹងការរៀបចំសណ្ដាប់ធ្នាប់នៅរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតរបស់កម្លាំងនគរបាលនេះដែរ គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរជាច្រើននាក់ចេញពីប្រទេសថៃ ចូលមកកម្ពុជា យ៉ាងកកគុញនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលើ ដោយខ្លះកំពុងរង់ចាំរថយន្តចេញ និងខ្លះទៀតក៏បានចេញដំណើរវិលត្រឡប់ទៅស្រុកកំណើត ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។ហើយការសម្រុកចេញរបស់ពលករខ្មែរជាច្រើននាក់នេះ មិនមានការកកស្ទះ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនោះឡើយ ដោយសារអាជ្ញាធរថ្នាក់ខេត្ត ស្រុក ក្រុង និងមូលដ្ឋាន បានយកចិត្តទុកដាក់ចុះត្រួតពិនិត្យជាប្រចាំនិងសម្រួលទាំងការធ្វើដំណើរចេញ ចូល សម្រួលចរាចរណ៍ ព្រមទាំងចែកជាអាហារ រួមហ្នឹងវត្ថុអនុស្សាវរីយ៍ជាក្រម៉ា ជូនដល់ពួកគាត់ថែមទៀតផង ធ្វើឲ្យពួកគាត់ទទួលបានភាពកក់ក្តៅ៕