ពិធីបុណ្យឆ្លងសមិទ្ធិផលនានាក្នុងវត្តជ័យឧត្តម ស្រុកភ្នំស្រុក
ខេត្តបន្ទាយមានជ័យ៖ព្រះវិហារលាបថ្នាំជួសជុលថ្មី ព្រមទាំងសមិទ្ធផលនានា ផ្សេងៗទៀត ក្នុងវត្តជ័យឧត្តម ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំពិធីបុណ្យសម្ពោធឆ្លងក្រោមអធិបតីភាព ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ពេលព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ។
តាមរបាយការណ៍របស់អភិបាលរងស្រុកភ្នំស្រុកបានឲ្យដឹងថា វត្ដជ័យឧត្ដមនេះត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៨០៩ មកម្ល៉េះ ដែលមានផ្ទៃដីសរុបចំនួន ៤០១៩៣ ម៉ែត្រក្រឡា ហើយរាល់សមិទ្ធផលថ្មីៗ ដែលបានកកើតឡើង ក៏ដូចជាការលាបថ្នាំព្រះវិហារថ្មីនេះ ត្រូវបានចំណាយថវិកាអស់ចំនួន៣៥០០០ដុល្លារសហរដ្ឋអាមេរិកហើយរាល់ថវិកា ដែលបានមកគឺជាសទ្ធាជ្រះថ្លារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយរួមជាមួយសប្បុរសជន ក្នុងនិងក្រៅប្រទេស។
ឯកឧត្តម អ៊ុុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះប្រជាពុទ្ធបរិស័ទសប្បុរសជនក្នុងនិងក្រៅប្រទេស ដែលបានសាមគ្គីគ្នាជាកម្លាំង ផ្ដើមកសាងនូវសមិទ្ធផលក្នុងវត្តជ័យឧត្ដមនេះ បានយ៉ាងល្អ សម្រាប់ព្រះសង្ឃប្រើប្រាស់ ក៏ដូចជាផ្តល់ឲ្យប្រជាពលរដ្ឋយើង ទីកន្លែងដើម្បីគោរពបូជាដល់ព្រះពុទ្ធសាសនា។
ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា យើងទាំងអស់គ្នាបានជួបជុំធ្វើបុណ្យទានក្នុងឱកាសនេះទើបកើតចេញពីម្លប់នៃសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អគ្គនាយក អតីតនាយករដ្ឋមន្ត្រីនិងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាថ្នាក់ដឹកនាំខេត្តក៏សូមឧទ្ទិសឲ្យមហាកុសល អានិសង្ឃ ដែលកើតឡើងដោយសទ្ធា ជ្រះថ្លា និងនាំមកនូវសិរីសួស្តីជ័យមង្គលវិបុលសុខមហាប្រសើរ ឲ្យបាននូវពុទ្ធពរប្រាំប្រការ គឺអាយុវណ្ណៈ សុខៈនិងពលៈសមតាមបំណងប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ។
ចុងក្រោយគណៈអធិបតីបានបំពាក់គ្រឿងឥស្សរិយស ប្រគេនដល់ព្រះសង្ឃ អស់លោក លោកស្រី ផ្តល់នូវប័ណ្ណថ្លែងអំណរគុណ ដល់សប្បុរសជន ព្រមទាំងបានធ្វើការចែកជូន សារុងបង់ថវិកា ដល់តាជីយាយជី ប្រជាពលរដ្ឋចូលរួមលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ។ក្នុងនោះឯកឧត្តមលោកជំទាវក៏បានប្រគេន ថវិកាចំនួន២លានរៀល សម្រាប់ចាត់ចែងក្នុងកម្មវិធីបុណ្យផងដែរ៕