អភិបាលខេត្តប៉ៃលិន អញ្ជើញក្រុងពាលី ស្តូបប្រាង និងអភិសេកព្រះពុទ្ធរូបនៅលើភ្នំខៀវ ទុកតម្កល់សម្រាប់ភ្ញៀវទេសចរ និងពុទ្ធបរិស័ទគោរពបូជា
(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ស្តូបប្រាងតម្កល់ព្រះពុទ្ធរូប និងអ្នកតាភ្នំខៀវ (ទឹកធ្លាក់អូរតាវ៉ៅភ្នំខៀវ) ដែលស្ថិតនៅរមណីយដ្ឋាន ទឹកធ្លាក់អូរតាវ៉ៅ ភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើមី្បទុកតម្កល់សម្រាប់ភ្ញៀវទេសចរ និងពុទ្ធបរិស័ទ្ធ គោរពបូជានិងបួងបួសសុំនូវសេចក្តីសុខសប្បាយ ពីម្ចាស់ទឹកម្ចាស់ដី និង បារមី អ្នកគង់ប្រថាប់ថែរក្សាការពារ នៅលើទឹកដីខេត្តប៉ៃលិន។
ក្នុងនោះដែរលោកជំទាវ បាន ស្រីមុំ ក៏បានធ្វើពិធីឧទ្ទិសបួងសួង សូមនូវព្រះបារមីដ៏ស័ក្តសិទ្ធិ ដែលគង់ប្រថាប់ថែរក្សានៅលើទឹកដីប៉ៃលិន ជាពិសេសអ្នកតាភ្នំខៀវ និង បារមីលោកយាយយ៉ាត អរុក្ខអរក្សអ្នកតាគ្រប់ទិសទី និង ទេវតាគង់ថែរក្សានៅភ្នំខៀវនេះ ថែរក្សាថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងអស់ សូមជួបតែសេចក្តីសុខ រកស៊ីសមប្រកបដំំណំាចម្ការ និងមានភ្ញៀវទេសចរណ៍មកដំណើរកំសាន្ត នៅខេត្តប៉ៃលិនយើងក្នុងឱកាសបុណ្យចូលឆ្នាំនេះច្រើនកុះករហើយសុខសុវត្ថិភាព។
ជាមួយគ្នានោះដែរលោកជំទាវអភិបាលខេត្ត ក៏បានកញ្ជាក់ផងដែរថា៖ ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរណ៍ធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវប៉ៃលិន) លោកជំទាវ បាន ស្រីមុំ បានណែនាំអោយយុវជន សសយក ខេត្ត សហការជាមួយមន្ត្រីជំនាញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេដ្ឋារចនាសម័ន្ធនានា ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោយកញ្ចុះថ្មី ដែលមានរចនាបថបែបទាក់ទាញ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រមួយនេះ៕