អភិបាលខេត្តប៉ៃលិន អញ្ជើញបន្តពិនិត្យវឌ្ឍនភាព ការកែសម្រួលសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាននិងក្រមសីលធ៌មគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញបន្តពិនិត្យវឌ្ឍនភាព ការកែសម្រួលសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងក្រមសីលធ៌មគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីអោយការផ្ដល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ។
លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជាតាមរយៈការលើក កម្ពស់ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តខិតខំផ្តល់សេវ៉ា បម្រើ និងពិនិត្យ ព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋ ព្រោះយើងសុទ្ធតែជាមន្រ្តីរបស់រដ្ឋ ដូច្នេះត្រូវធ្វើការងារជំនាញប្រកដោយវិជ្ជាជីវៈ ទៅតាមគោលនយោបាយ និងការណែនាំ របស់រាជរដ្ឋាភិបាល ហើយលោកជំទាវបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាសុខាភិបាលជូនប្រជាពលរដ្ឋ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត អោយកាន់តែល្អប្រសើឡើង ។
នៅខេត្តប៉ៃលិនមានមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១, មណ្ឌលសុខភាពចំនួន ៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន ៣ និងនៅស្រុកសាលាក្រៅចំនួន ៣ ដោយបុគ្គលិកក្របខ័ណ្ឌសរុប ចំនួន ២១៦នក់ ស្រី ១១៥នាក់ និងបុគ្គលិកជាប់កិច្ចសន្យា សរុបចំនួន ២៦នាក់ ស្រី ១៤នាក់ ៕