កិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី ការបើកការិយាល័យចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្ដីពីការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យនៃអាណត្តិទី៣ លើកទី១ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក កែវ សុភាព អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រីសមាជិកសមាជិកា សភាពាណិជ្ជកម្មនិងម្ចាស់សិប្បកម្ម អាជីវកម្ម និងអាជីវករ។
លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មអាណត្តិមុនបានលើកឡើងថា រយៈកាលកន្លង ពាណិជ្ជកម្មខេត្តបានបំពេញតួនាទីរបស់ខ្លួនបានល្អបង្គួរ សង្ឃឹមថាសភាពាណិជ្ជកម្មថ្មី នៃអាណត្តិទី៣នឹងបន្តការងារនេះបានល្អប្រសើរជាងអាណត្តិមុន ។លោក កែវសួនសុភាព អភិបាលរងខេត្ត និងឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ប្រធានសភាពាណិជ្ជកម្មនិង ត្រូវជ្រើសតាំងពីជាបុគ្គលដែលមានសារសំខាន់ ត្រូវមានចំណេះដឹងមានទំនាក់ទំនងល្អរវាងវិនិយោគិនផ្សេងៗ ដើម្បីជាប្រយោជន៍កំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។យើងទាំងអស់គ្នាគួរដឹងហើយថា ខេត្តបន្ទាយមានជ័យគឺជាខេត្តដែលជាប់ព្រំដែននិងប្រទេសថៃ សក្ដានុពលសេដ្ឋកិច្ចជាច្រើនដូចជាច្រកទ្វារអន្តរជាតិចេញចូលផ្លាស់ប្តូរទំនិញផ្សេងៗ និងមានតំបន់សេដ្ឋកិច្ចពិសេសរួមមានរោងចក្រ សហគ្រាសតូចធំជាច្រើនកន្លែង ដូច្នេះហើយសភាពាណិជ្ជកម្មគឺមានតួនាទីសំខាន់ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកំណើនសេដ្ឋកិច្ច។
ឯកឧត្តម ម៉ៅ ថូរ៉ា បានបន្តថា ក្នុងក្របខ័ណ្ឌនៃទស្សនវិស័យផ្អែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភារាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ចតែមានអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍កម្មឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជាព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះនិងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ ក្នុងនោះផងដែររដ្ឋបាលខេត្តបន្ទាយមានជ័យបានផ្តល់នូវសេចក្ដីជូនដំណឹងផងដែរ ដល់លោកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី ដែលជាពាណិជ្ជករ ឧស្សាហករ អាជីវករ សេវាករ អ្នកធ្វើអាជីវកម្ម កសិកម្មសហគ្រាស និងក្រុមហ៊ុននានា ឲ្យបានជ្រាបនៃការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាប្រចាំខេត្តបន្ទាយមានជ័យ អាណត្តិទី៣ លើកទី១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង៨ និង០០នាទីព្រឹក រហូតដល់ម៉ោង១៥និង០០នាទីរសៀល។ហើយការចុះឈ្មោះបោះឆ្នោតនិងចុះឈ្មោះបេក្ខជនឈរឈ្មោះជាសមាជិកសភាពាណិជ្ជកម្មនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤រៀងរាល់ម៉ោងធ្វើការនៅមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យដែលមានអស័យដ្ឋាននៅភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕