ព័ត៌មានជាតិ

ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ផ្ញើសារជូនមន្ត្រីរាជការ កងកម្លាំង និងពលរដ្ឋ ក្នុងស្ថានភាព​នៃការកើន​ឡើងកំដៅ គួរឱ្យកត់សម្គាល់!

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារ​សៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានផ្ញើសារតាម​ផេកផ្លូវការរបស់ឯកឧត្តម ជូនមន្ត្រីរាជការ កង​កម្លាំង និងប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់។

ក្នុងសារនោះ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា នារយៈពេលប៉ុន្មានសប្ដាហ៍​ចុងក្រោយនេះ អាកា​សធាតុនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានាក្នុងតំបន់ បានកើនកំដៅ គួរឱ្យកត់សម្គាល់។ ស្ថានភាពនេះ បានធ្វើឱ្យប៉ះពាល់ដោ​យផ្ទាល់ដល់ការបំពេ​ញការងារ ការប្រកបរបរទទួលទានប្រចាំថ្ងៃ និងសុខភាពរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ​ស្ទើរទូទាំងប្រទេស ក៏ដូចជាមន្រ្តីរាជការក្នុងមុខងារសាធារណៈ និងមុខងារនយោបាយផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកត់សម្គាល់ដែរថា នៅ​ពេល​គ្រប់គ្នាសូម្បីតែអ្នកបំពេញការងារតាមការិយាល័យមានបំពាក់កង្ហារ ឬម៉ាស៊ីនត្រជាក់ និងប្រជា​ពលរដ្ឋទូទៅ បានលើកឡើងអំពីផលវិបាកដោយសារអាកាសធាតុក្ដៅ ខ្ញុំកាន់តែមា​នសេចក្ដីនឹក​ស្រណោះជាពន់ពេកដល់មន្រ្តីរាជការ និងកងកម្លាំងទាំងឡាយ ដែលបាននិងកំពុងបំ​ពេញភា​រកិច្ចក្រោ​មកំដៅថ្ងៃ ដូចជា៖ ការល្បាតការពារបូរណភាពទឹកដី ការសម្រួលចរាចរណ៍ សន្តិសុខស​ណ្ដាប់ធ្នាប់ ការចុះប្រតិបត្តិការ និងការដោះស្រាយបញ្ហានានានៅមូលដ្ឋាន។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរក្សាបាននូវប្រក្រតីភាពនៃការអនុវត្តតួនាទី ភារកិច្ចក្នុងស្ថា​នភាពបែប​នេះ​ ដែលជាកាយវិការគួរឱ្យស្ញប់ស្ញែង ព្រមជាមួយសកម្មភាពរស់នៅ ប្រកបមុខរបរ បំពេញការ​ងារផ្សេងៗរបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការិនី ប្រកបដោយ​ភាពអត់ធ្មត់ក្រោម​រលកកម្ដៅនេះ។

ទន្ទឹមនេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញដល់អាជ្ញាធរដែនដី ក៏ដូចជាសមត្ថកិ​ច្ចពាក់ព័ន្ធ មេត្តា​យកចិត្កទុកដាក់ខ្ពស់ តាមដាន និងរិះរកមធ្យោបាយ​នានា ជាចំណែកនៃ​ការជួយ​សម្រាលស្ថានការណ៍ ដូចជា ៖ ការប្រើប្រាស់រថយន្តបាញ់ស្រោចទឹកតាមដងផ្លូវ តាមទីប្រជុំជន ព្រមទាំងវិធីសាស្ត្រនានាដែលអាចធ្វើទៅរួច ក្នុងស្មារតីបង្ការពីផល​ប៉ះពាល់ទាំង​ឡាយ លើសុខភាព ជួយសម្រួលដល់ការបំពេញភារកិច្ច ការងារ ការប្រកបមុខរបរ និងការសិ​ក្សារៀន​សូត្រជាដើម។ ជាមួយគ្នានេះដែរ សូមបន្តផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋនូវវិធីបន្សាំខ្លួន ការពារទប់ទល់ នឹង​បាតុភូតធម្មជាតិ ឬការប្រែប្រួលអាកាសធាតុ ដែលកំពុងប្រឈម ជាពិសេសគ្រោះអគ្គិភ័យ ជាយថា​ ហេតុ​ណាមួយ ដោយត្រៀមកម្លាំងអន្តរាគមន៍ទាន់ពេល រួមនឹងវិធានត្រៀមសង្គ្រោះប្រជាពលរដ្ឋ កើតមានបញ្ហាសុខភាពបន្ទាន់ណាមួយផងដែរ។

ជាចុងក្រោយនៃសារផ្ញើជូនមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជូនពរដ​ល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ ជម្នះបាននូវឧបសគ្គមួយ​នេះ និងជូនពរដល់អាជ្ញធរដែនដី កងកម្លាំងគ្រប់ប្រភេទ សូមទទួលបានជោគជ័​យក្នុងភារកិច្ចប​ម្រើជាតិ និងប្រជាជន ក្រោមការដឹកនាំប្រកប​ដោយទស្សនវិស័យ​ជឿនលឿនរបស់សម្ដេចមហា​បវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button