ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសហព័ន្ធកីឡាទូកកានូនិងរ៉ូអុីងកម្ពុជា សម្រួចដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា បានកំណត់យកខែឧសភានេះ ជាកាលបរិច្ឆេទនៃការចាប់ផ្ដើមសម្រួចការងារឆ្ពោះទៅកាន់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនាឆ្នាំ២០២៩។
ការតម្រង់ទិសការងារនេះ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាណត្តិទី៥ ពីឆ្នាំ២០២៤–២០២៨ លើកទី៣ នៅទីស្តីការក្រសួមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាសហព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានសហព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំដែលមានការពិនិត្យការងារខែមេសា បន្តខែឧសភា ដើម្បីពង្រឹងការងារបណ្ដុះបណ្ដាលធនធានមនុស្ស ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំកម្មវិធីប្រកួត និងការងារទំនាក់ទំនងអន្តរជាតិរបស់សហព័ន្ធ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា កិច្ចប្រជុំនៅខែបន្ទាប់ ត្រូវតែផ្ដោតជាអាទិភាពលើការពិនិត្យពិភាក្សាអំពីផែនការឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាយុវជនអាសុី។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រឹត្តិការណ៍កីឡាយុវជនអាសុី ជាឱកាសថ្មីមួយទៀតដែលកម្ពុជាត្រូវបង្ហាញសក្ដានុពលវិស័យកីឡាក្រោមមនុញ្ញផលសុខសន្តិភាព ដូចដែលបានរៀបចំដោយជោគជ័យលើព្រឹត្តិការណ៍កីឡាសុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កាលពីឆ្នាំ២០២៣ ដែលក្នុងនោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា ក៏ត្រូវតែអភិវឌ្ឍធនធានកីឡាករដើម្បីរួមចំណែកផងដែរ។
ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ត្រូវបានរៀបចំដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដោយចាប់ផ្តើមពីឆ្នាំ២០០៩ មកនៅប្រទេសសិង្ហបុរី និងបន្ទាប់មកនៅសាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះនឹងរៀបចំលើកទី៤ នៅក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន នាឆ្នាំ២០២៥ មុននឹងរៀបចំជាលើកទី៥ នៅរាជធានីភ្នំពេញ នាឆ្នាំ២០២៩។
ក្នុងនាមប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា កាលពីកិច្ចប្រជុំលើកទី២ កន្លងទៅ ក៏ធ្លាប់បានផ្ដល់អនុសាសន៍ឱ្យសហព័ន្ធ ត្រៀមលក្ខណៈទាំងទីតាំងស្នាក់នៅ ទីតាំងហ្វឹកហាត់ និងធនធានកីឡាជាយុវជន ចាប់ពីពេលនេះទៅ បើទោះបីជាព្រឹត្តិការណ៍នោះនៅសល់ពេលជាង ៥ឆ្នាំទៀតក៏ដោយ៕