បុរសម្នាក់យកគ្រាប់DK75 មកដំនៅនឹងផ្ទះ បណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗ នៅស្រុកភ្នំស្រុក
(បន្ទាយមានជ័យ) ដោយសារកត្តាធ្វេសប្រហែស បុរសវ័យ៤៥ឆ្នាំម្នាក់ បានយកគ្រាប់DK75 មកដំនៅនឹងផ្ទះ បណ្តាលឲ្យផ្ទុះកក្រើកភូមិ បាត់បង់ជីវិតភ្លាមៗ ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប្រង ប៊ិស ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ទៀតថា៖តាមការស្រាវជ្រាវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះគាត់បានទៅភ្ជួរចម្ការប្រទះឃើញហើយយកមកទុកនៅក្រោមជង្រុកជាង១ឆ្នាំមកយើយ ដោយមិនរាយការណ៍ឲ្យសមត្ថកិច្ចបានដឹងនោះទេ។នៅថ្ងៃកើតហេតុ ជនរងគ្រោះបានយកគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះប្រភេទគ្រាប់DK75ដែលទុកនោះមកដំក្នុងគោលបំណងកែច្នៃធ្វើកន្តឹងគោ បណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗ ។ ប៉ុន្តែសំណាងល្អមិនគ្រោះថ្នាក់ដល់ប្រពន្ធនិងកូន ដោយប្រពន្ធនៅរវល់ឯចម្ការ កូមទី១ដេកលើផ្ទះ កូនទី២ អង្គុយមើលឪពុកដំគ្រាប់ចម្ងាយប្រហែលជាង១០ម៉ែត្រតែមិនរងគ្រោះថ្នាក់ទេ ។ ក្រោយពីសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យរួច សពត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕