ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧១យាងចូល ៧២ព្រះវស្សា
(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានប្រារព្ធពិធីព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧១យាងចូល ៧២ព្រះវស្សា ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអភិបាលរងខេត្ត សមាជិការក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ សិស្សនិស្សិត តាជី យាយជី ផងដែរ ។
នៅក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្ត ក៏បានថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ចំពោះព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនព្រះអង្គទ្រង់ប្រកបដោយព្រះកាយពលមាំមួន ខ្លាំងក្លាព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរដើម្បីព្រះអង្គទ្រង់គង់នៅ ក្នុងព្រះបរមសិរីរាជសម្បត្តិ បន្តព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រពីព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ដើម្បីភាពចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង និងសម្បូរសប្បាយប្រកបដោយសុខដុមរមនា របស់មាតុភូមិ អង្គរជាទីស្នេហា និងប្រជារាស្ត្រគ្រប់រូបជាយូរអង្វែងតរៀងទៅ។
សូមបញ្ជាក់ផងដែរ ៖ ថ្ងៃព្រហស្បតិ៍ ០១ កើត ខែ អស្សុជ ឆ្នាំ វក ឆស័ក ព.ស ២៥៥៨ ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០០៤ ក្រុមប្រឹក្សារាជសម្បត្តិ បានបោះឆ្នោតជាឯកច្ឆន្ទ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះគោរមងារ “ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិ– ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជ ឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី” ហើយ សម្រេចយកថ្ងៃទី២៩ ខែតុលា ជារៀងរាល់ឆ្នាំ ជាទិវាប្រវត្តិសាស្ត្រ នៃការឡើងគ្រង់ព្រះបរមរាជ្យ សម្បត្តិ តរៀងមក៕