ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជុំ ផល្លា រួមនឹងគណៈប្រតិភូអមដំណើរ អញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជុំ ផល្លា អគ្គនាយករងអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ អមដំណើរដោយលោកឧត្ដមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន និងសហការី នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចុះបំពេញបេសកកម្មនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ការចុះបំពេញបេសកកម្មនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក និងលោកឧត្ដមសេនីយ៍ទោ រួមទាំងសហការី បានអញ្ជើញទៅត្រួតពិនិត្យភូមិសាស្ត្រ ស្លាបឆ្វេង ស្លាបស្ដាំ និងគោលដៅប្រតិបត្តិការរបស់ប៉ុស្តិ៍ បន្ទាប់មកជួបប្រជុំសំណេះសំណាលជាមួយមន្ត្រី នៅសាលប្រជុំស្ថានីយរថភ្លើងប៉ោយប៉ែត ។
ក្នុងកិច្ចសំណេះសំណាល ឯកឧត្ដម ឧត្ដមសេនីយ៍ឯក និងលោកឧត្ដមសេនីយ៍ទោ បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបានមានមតិក្រើនរំលឹកដល់មន្ត្រីប៉ុស្តិ៍ទាំងអស់ ត្រូវខិតខំបំពេញតួនាទីភារៈកិច្ចបម្រើសេវាជូនអ្នកដំណើរជាតិ–អន្តរជាតិ ឱ្យបានល្អប្រសើរ ប្រកបដោយស្នាមញញឹម សុជីវធម៌ ភាពទន់ភ្លន តែត្រូវហ្មត់ចត់ក្នុងការងារ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមុខសញ្ញាបញ្ជីខ្មៅដែលថ្នាក់លើប្រគល់ជូន និងត្រូវប្រកាន់ភ្ជាប់នូវវិន័យកងកម្លាំនគរបាលជាតិលេខ ៨៣៧ប្រក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ឱ្យបានខ្ជាប់ខ្ជួន និហត្រូវបង្កើនស្មារតីទទួលខុសត្រូវបន្ថែមទៀតក្នុងការសម្របសម្រួលដំណើរចូល–ចេញជូនពលករខ្មែរដែលទៅធ្វើការងារនៅក្រៅប្រទេស បើទោះបីជាកន្លងមកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អនុវត្តបានល្អប្រសើរយ៉ាងណាក៏ដោយ ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងមន្រ្តីក្រោមឱវាទទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ទាំងការសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ជាពិសេសជាមួយភាគីថៃ ក្នុងការអនុវត្តការងារជំនាញតាមតួនាទីភារកិច្ចបានយ៉ាងល្អ ឯកឧត្តម ក៏បានផ្តល់នូវអនុសាសន៍បន្ថែមមួយចំនួនដើម្បីឆ្លុះបញ្ចាំងពីគន្លឹៈក្នុងការបញ្ជាដឹកនាំមន្រ្តីក្រោមឱវាទប្រកបដោយស្ថេរភាព និងប្រសិទ្ធិភាពខ្ពស់ ៕