ឯកឧត្តម អុី ឈាន ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅក្រុងប៉ៃលិន
ប៉ៃលិន៖ ឯកឧត្តម អុី ឈាន សមាជិកគណៈគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅក្រុងប៉ៃលិន ដោយមានការចូលរួមពីសំណាក់ ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ/សង្កាត់ ភូមិ, បេក្ខជនឈរឈ្មោះ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ–សង្កាត់ ដែលជាអង្គបោះឆ្នោតទាំងអស់ក្នុងក្រុងផងដែរ។
ឯកឧត្តម អុី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍សម្ដែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងបានផ្ដល់ការគាំទ្រយ៉ាងធំធេង និងរឹងមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ធ្វើឱ្យគណបក្សអាចបំពេញនូវបេសកកម្មបម្រើប្រទេសជាតិ ប្រកបដោយជោគជ័យតាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍រហូតមក សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ដោយបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនា ក្រោមម្លប់នៃសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ប្រកបដោយក្តីសង្ឃឹមលើ មាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។
ឯកឧត្តមប្រធានក្រុមការងារ បានមានប្រសាសន៍លើកឡើងថា៖ បើទោះបីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ គឺជាការបោះឆ្នោតអសកលក៏ពិតមែន តែជាការបោះឆ្នោតដ៏មានសារសំខាន់យ៉ាងក្រៃលែង ក្នុងការបន្តបុព្វហេតុកសាង និងការពារមាតុភូមិកម្ពុជា ហើយក៍ជាការបោះឆ្នោតដែលកើតចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនយ៉ាងពិតប្រាកដ ព្រោះថា សមាជិក ក្រុមប្រឹក្សាឃុំ–សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងរបស់ប្រជាជន ដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន ដូច្នេះអង្គបោះឆ្នោតទាំងអស់ ត្រូវថែរក្សាសុខភាពជាចម្បង ដើម្បីកុំឱ្យអវត្ដនៅថ្ងៃបោះឆ្នោត ហើយត្រូវពិនិត្យមើលអត្ដសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធ និងត្រៀមលក្ខណៈផ្សេងៗទៀត។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អុី ឈាន បានមានប្រសាសន៍អំពាវនាវដល់ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ–សង្កាត់ទាំងអស់នៅទូទាំងខេត្ត ត្រូវចូលរួមបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នាហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវជោគវាសនារបស់ជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់ ដោយសំដៅថែរក្សាយ៉ាងរឹងមាំនូវសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ និងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លា ធ្វើឱ្យប្រជាជនមានជីវភាពកាន់តែសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម ប្រកបដោយការគោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌។
សូមបញ្ជាក់ថា៖ យោងតាមលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត នៅទូទាំងប្រទេស មាន ក្រុង ស្រុក ខណ្ឌចំនួន ២០៩, ឃុំ សង្កាត់ចំនួន ១.៦៥២, ការិយាល័យបោះឆ្នោតចំនួន ២០៩ និងមានអង្គបោះឆ្នោតចំនួន ១១,៦២២នាក់ ស្ត្រី ២,៥៧៤នាក់ ដោយឡែកខេត្តប៉ៃលិន គឺមានក្រុង/ស្រុក ចំនួន ២ ឃុំ/សង្កាត់ ចំនួន ៨, ការិយាល័យបោះឆ្នោត ចំនួន ២ និងមានអង្គបោះឆ្នោតសរុប ចំនួន ៥២នាក់ ស្រី ១៦នាក់ ក្នុងនោះអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាមានចំនួន ៤៧នាក់ ស្រី ១៥នាក់ ៕