ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសា​ទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១៧ ខែឧ​សភា ឆ្នាំ២០៤ បានអញ្ជើញជា​អធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរ​ជាតិ ១ ឧសភា ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្ដមួយ» ដែល​រៀប​ចំ​ដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដោយមានការចូលរួមពីមន្ទីរជំនា​ញពាក់​ព័ន្ធ អាជ្ញាធរ តំណាងនិយោជក និយោជិត និងកម្មករ កម្មការិនី នៅតាមសហគ្រាស គ្រឹះស្ថាន​នានាក្នុងខេត្តផងដែរ។

លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ទិវាពលកម្មអន្តរជាតិ ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលចាប់​ផ្តើមនាឆ្នាំ​១៨៨៦ ក្នុងគោលបំណងធ្វើ ឲ្យប្រសើរឡើងនូវស្ថានភាពនៃលក្ខខ័ណ្ឌការងារ និងជីវភាពរ​ស់នៅរបស់ប្រជាពលករ ដោយឡែកនៅកម្ពុជា ទិវាពលកម្មអន្តរជាតិ ១ ឧសភា ត្រូវបានប្រារព្ធ​ជារៀងរា​ល់ឆ្នាំ តាំងពីឆ្នាំ១៩៧៩ ហើយមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំណត់យកថ្ងៃទី ១ ឧសភា ជាថ្ងៃបុណ្យការ​ងាររបស់ពលករកម្ពុជា និងជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ កម្មករ និយោជិតទាំងអស់ ដូចជា​ថ្ងៃបុណ្យជាតិ បុណ្យប្រពៃណី និងបុណ្យអន្តរជាតិនានាផងដែរ។

លោកជំទា​វអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបា​នប្រសូត្រចេញពីការបោះឆ្នោត ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងមានតម្លាភាព ក៏ដូចជាក្នុង​នីតិកាល​កន្លងមក បានបន្តផ្តោតការយកចិត្តទុកដាក់ លើអាទិភាព ជាចម្បងក្នុង​ការបង្កើតការងារ​កាន់តែប្រសើរជូនប្រជាពលរដ្ឋ ជាពិសេស សម្រាប់យុវជន ដែលគិតត្រឹម ខែមីនា ឆ្នាំ២០២៤ មានយុវ​ជនចំនួន ៣៤,២៦៧នាក់ (ស្រី ៩,៦០៦នាក់) កំពុងទទួលបានការ បណ្ដុះបណ្ដាល ក្នុងនោះ​ចំនួន ១៦,២៦៧នាក់ ស្រី ២, ២២៣នាក់ កំពុងទ​ទួលបានកា​របណ្ដុះបណ្ដាលសញ្ញាបត្រ​បច្ចេកទេ​សវិជ្ជាជីវៈកម្រិត១»

នៅក្នុងឱកាស​នោះផងដែរ លោកបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសរសើរ និងវាយត​ម្លៃខ្ពស់ ចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ដែលបានរួមសហ​ការល្អជាមួយស្ថា​ប័នពាក់ព័ន្ធនានា ធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងផ្សព្វ​ផ្សាយអប់រំ ជាប្រចាំដល់និយោជក និយោជិត កម្មករ កម្មការិនី ឲ្យបានយល់ច្បាស់ពីច្បាប់ ស្តីពីការ​ងារ បង្ការទប់ស្កាត់ វិវាទការងារ និងបង្កើតឡើងនូវភាពយោគយល់គ្នាក្នុងទំនាក់ទំនងវិជ្ជាជីវៈ រវាងភាគីពា​ក់ព័ន្ធទាំងអស់ ព្រមទាំងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ត្រូវជៀស​អោយឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ហើយខិតខំប្រកបរបរទទួលទាន លើកកម្ព​ស់ជីវ​ភាពរស់នៅ និងពង្រឹងជំនាញវិជ្ជាជីវៈ ពីព្រោះការងារ គឺជាកត្តាគន្លឹះកំណត់នូវកម្រិតជីវភាព និងជាមធ្យោបាយ ដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយភាពក្រីក្រ។

បើតាមរបាយ​ការណ៍របស់លោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា​៖ ខេត្តប៉ៃលិន មានសហគ្រាស/គ្រឹះស្ថាន សរុបចំនួន ១៦៧ មានបុគ្គលិកសរុបចំនួន ៣៧២៥នាក់​ ហើយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបណ្តុះបណ្តាលកម្រឹត​សញ្ញាប​ត្របច្ចេកទេស និងវិជ្ជាជីវៈ C2, C3 (រយៈពេល១ឆ្នាំ) មានចំនួន ៧វគ្គ ដែលមានសិស្សសរុបចំនួន ១៥៩នាក់ ស្រី ៦១នាក់ និងបានបណ្តុះបណ្តាលជំនាញ ជូនដល់យុវជន ដែលមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ សរុបចំនួន ២២៨នាក់ ស្រី ៧៦នាក់ ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button