ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផល ផ្លូវកៅស៊ូ DBST លូអ៊ុយ ធ្វើជញ្ជាំងបេតុងការពារជើងទេផ្លូវ និងស្ពានបេតុង ទើបស្ថាបនារួចរាល់ ដែលជាគម្រោងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត នៅភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងកំណត់ទីតាំង ដាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវ ស្ពាន គឺជាសរសៃ ឈាម នៃ សេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវកៅស៊ូ DBST លូអ៊ុយ ធ្វើជញ្ជាំងបេតុងការពារជើងទេផ្លូវ និងស្ពានបេតុង នេះ គឺពិតជាបានបំពេញ នូវ សេចក្តី ត្រូវ ការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបាន ផ្តល់ នូវភាព ងាយ ស្រួល ដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានបន្តខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ ការ លំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន លើគ្រប់ វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានា ដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ណែនាំដល់មន្ទីរសាធារណៈការ និងជញ្ជូនខេត្ត ដាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍ នៅតាមដងផ្លូវ ទៅតាមស្តង់ដារបច្ចេកទេស ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមជួយថែរក្សាសមិទ្ធផល ដែលទើបស្ថាបនារួចរាល់នេះ ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
បើតាមការបញ្ជាក់របស់លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងជញ្ជូនខេត្ត បានអោយដឹងថា៖ ការងារស្ថាបនាផ្លូវខេត្តលេខ១ PL១១ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានពីរដំណាក់កាល ដំណាក់កាលទី១ស្ថាបនាផ្លូវដោយក្រាលកៅស៊ូប្រភេទ DBST ប្រវែង ១,២៥០ម៉ែត្រ ទទឹង ៨ម៉ែត្រនិងចិញ្ចើមបេតុងប្រវែង ១៥៣ម៉ែត្រ ទទឹង ១ម៉ែត្រ សងខាង, ស្ថាបនាជញ្ជាំងការពារជើងទេរទំហំ ៧៨៦,១០ម៉ែត្រការ៉េ និងបំពាក់បរិក្ខាចរាចរណ៍តាមដងផ្លូវ (គម្រោងផែនការក្នុងឆ្នាំ២០២៣) និង ដំណាក់កាលទី២ ស្ថាបនាជញ្ជាំងបេតុងការពារជើងទំហំ៥៥៣៤,៥០ម៉ែត្រការ៉េ (គម្រោងទឹកជំនន់ក្នុងឆ្នាំ២០២៤)៕