ព័ត៌មានជាតិ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងអ្នកសម្រប​សម្រួលអង្គ​ការសហ​ប្រជាជា​តិ ពិភាក្សាអំ​ពីការ​ពង្រឹង​កិច្ចស​ហប្រតិបត្តិការ​នៅកម្ពុជា

(ភ្នំពេញ)៖នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះ ​ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុ​ញ្ញាតឱ្យលោ​ក ចូសេហ្វ សូយ័រ អ្នកសម្រប​សម្រួលរ​បស់អង្គកា​រសហប្រជាជាតិ (UN) ប្រ​ចាំប្រទេសកម្ពុជា និងសហការី ចូលជួបសម្ដែងការ​គួរស​ម និងពិ​ភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្ដមអ​ភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​វត្តមានលោក ចូសេហ្វ សូយ័រ និងបាន​ថ្លែងអំណរគុណចំពោះភ្នាក់ងារអង្គការសហប្រជាជាតិ ដែលនៅតែបន្តផ្ដល់កា​រគាំទ្រដល់​ប្រទេសកម្ពុជា តាមរយៈ​ការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

បើតាមប្រ​មុខក្រសួងមហាផ្ទៃកម្ពុជា ទីភ្នាក់ងារ UN បានរួមដំណែកក្នុង​ដំណើរការស្ដា​រប្រទេស​កម្ពុជា ក្រោ​យសង្គ្រាម រួមទាំងការពង្រឹងសមត្ថភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេស​ការជួយគាំទ្រកម្ពុជា ក្នុងការធ្វើមូលដ្ឋាននីយកម្មគោ​លដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យស្របទៅនឹងបរិការណ៍កម្ពុជាដើម្បីពន្លឿនការសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនលោក ចូសេហ្វ សូយ័រ អំពីកិច្ចខិតខំប្រឹង​ប្រែង​របស់រាជរ​ដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការសហប្រជាជាតិ ក្នុងកិច្ចសហប្រតិបត្តិការលើ​វិស័យអាទិ​ភាពមួយចំនួន រួមមាន ៖ អភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ សុវត្ថិភាពផ្លូវថ្នល់ ការប្រឆាំងហិង្សា​ផ្នែកយេ​នឌ័រ បម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង កិច្ចការពារសង្គមជាអាទិ៍។

ជាការឆ្លើយតប​លោក ចូសេហ្វ សូយ័រ អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំប្រ​ទេសកម្ពុជា បានសម្ដែងការអបអរសាទរជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលត្រូវបា​នតែងតាំងជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅ​ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់កិច្ចស​ហការជាមួយអង្គការស​ហប្រជាជាតិនាពេល​កន្លងមកនេះ។

ក្នុងជំនួបនោះដែរ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា ក៏បានគូសប​ញ្ជាក់​ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថាអង្គការសហប្រជាជាតិ ត្រៀមខ្លួនជានិច្ចក្នុង​ការគាំទ្រចំ​ពោះរា​ជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាម​គោល​ដៅ​ដែលបានគ្រោងទុក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button