ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា ៖ រួមគ្នាថែទាំ​ និងការពារកុមារ ឱ្យក្លាយជាទំពាំងស្នងឫស្សី ដ៏រឹងមាំស​ម្រាប់ប្រទេសជាតិ នាពេលអនាគត

(ភ្នំពេញ)ក្នុងឱកាស​ទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ នេះ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបង្ហោះសារអបអរសាទរ ក្នុងផេកផ្លូវ​ការរបស់ឯកឧត្តម ដោយជំរុញឱ្យរួមគ្នាថែទាំ និងការពារកុមារ ឱ្យក្លាយជាទំពាំងស្នងឫស្សី ដ៏រឹង​មាំស​ម្រាប់ប្រទេសជាតិ នាពេលអនាគត។

ក្នុងសារដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០​២៤ នេះ ជាថ្ងៃខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ដែលប្រទេសនានានៅជុំវិញពិភពលោក ប្រារព្ធទិវា​នេះ ដើម្បីជំរុញដល់ការ​អនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សាលើកុមារ រួមទាំងចូលរួម​បញ្ចប់​ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅជុំវិញពិភពលោក និយាយជារួម និងនិយាយដោ​យឡែក​កុមារនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមអ​ភិសន្តិបណ្ឌិត ក៏បានកត់សម្គាល់ដែរថា ជាមួយគ្នានេះការប្រារព្ធទិវាកុមារអន្តរជាតិ ១​មិថុនា នេះឡើង ក៏ដើម្បីរំលឹ​កដល់សោកនាដកម្ម នៃការកាប់សម្លាប់ស្ត្រីនិងកុមារ របស់ពួកហ្វាស​ស៊ីសអ៊ីត្លែរ នៅប្រទេ​សឆេក និងប្រទេសបារាំង ចន្លោះឆ្នាំ១៩៤២១៩៤៤ ពោលគឺនៅក្នុងអំឡុង​សង្គ្រាម​លោកលើកទី២ បច្ចុប្បន្ននេះនៅផ្នែកខ្លះនៃពិភពលោក ពិសេសនៅបណ្តាប្រទេសដែ​លមាន​ជម្លោះប្រដាប់អាវុធ តំបន់ដែលមានសង្គ្រាម មានកុមាររាប់សិបម៉ឺននាក់ បាននិងកំពុងក្លាយជា​ជនរង​គ្រោះ ដោយមានទាំងត្រូវបាត់បង់ជីវិត របួស ពិការ ជួបគ្រោះអត់ឃ្លាន និងបាត់បង់ឱកាស​នៃការសិក្សាអប់រំ ជាដើម។

ក្នុងសារអបអរសាទរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ថា ប្រធានបទទិវាកុមារ​អន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤ នេះ គឺ “ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើន​មូលធនមនុស្ស ក្នុង​យុគសម័យបរិវត្តកម្មឌីជីថល”។ តាមរយៈប្រធានបទដ៏មានសារៈសំខាន់នេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិច្ចការពារ និងរក្សាឧត្ត​មប្រយោ​ជន៍របស់កុមារ ព្រោះថា កុមារគឺជាធនធាន ដែលមិនអាចខ្វះបានសម្រា​ប់ការអភិវឌ្ឍប្រ​ទេសជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ដែរថា កុមារ គឺជាទំពាំស្នងឫស្សី! កុមារ គឺជាសសរទ្រូងសម្រាប់ប្រទេសជាតិ! បើយើងពិនិត្យ​តាមលក្ខខណ្ឌ​ធម្មជាតិ គឺទំ​ពាំងអាចលូតលាស់បាន ហើយអាចក្លាយជាអ្នកស្នងឫស្សីបាន លុះត្រាតែមានឫស្សីស្រករមុន ការពារពីការបោកបក់នៃខ្យល់ ពោលគឺទំពាំងគង់វង្ស ឬមិនគង់វង្ស អាស្រ័យលើការ​ការពាររបស់ឫស្សី។ រីឯកុមារវិញក៏ដូចគ្នា កុមារ ត្រូវការការពារ ការចិញ្ចឹមបីបាច់​ថែរក្សាទំនុក​បម្រុងផ្ចុងផ្តើមពីមនុស្សចាស់ មនុស្សជំនាន់មុន។ ដូច្នេះបើច​ង់បានអ្នកស្នង​ប្រទេសជា​តិ ដែល​ខ្លាំង រឹងមាំ ទាល់តែពង្រឹង និងសម្រួចតាំងពីនៅក្មេងៗ។ មានន័យថា កុមារ ត្រូវតែទទួល​បានការ​ថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធ​ម៌ក្នុងការរស់នៅ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងន័យនេះ រាជរដ្ឋាភិបាលបន្តវេន ក៏ដូចជានៅ​អាណត្តិមុនៗដែរ គឺបាននិងកំពុងតែផ្តោតការយ​កចិត្តទុកដាក់ទៅលើការ​លើកកម្ពស់​សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួល​បាននូវគុណភាព គុណតម្លៃ និងគុណធម៌នៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិ​ភាព ស្រ​បតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ក៏ដូចជាអនុសញ្ញា និងពិធីសារនានា​ពាក់​ព័ន្ធនឹងសិទ្ធិកុមារ។ ហើយក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោ​លនយោ​បាយ​ជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩២០២៩ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីធានាថា បញ្ហាកុមារ ត្រូវបានដាក់បញ្ចូលទៅគ្រប់វិស័យពាក់ព័ន្ធ ក្នុងការលើកកម្ពស់សិទ្ធិ សុវត្ថិ​ភា​ព ស្ថានភាព និងជំនាញរបស់កុមារ។ រាជរដ្ឋាភិបាល ជឿជាក់ថា ការវិនិយោគលើកុមារ​នៅថ្ងៃនេះ នឹងបង្កើតបានជាធនធានមនុស្ស ដែលមានជំនាញ និងប្រកបដោយសក្តានុពល នាពេលអនាគត ដើម្បីធានាចីរភាពកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។

ជាចុងបញ្ចប់នៃសារអបអរសាទរនោះ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ក៏បានជំរុញឱ្យរួមគ្នាថែទាំ និងការពារកុមារ ឱ្យក្លាយជា​ទំពាំងស្នងឫស្សី ដ៏រឹងមាំសម្រាប់ប្រទេសជាតិ នាពេលអនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button