រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតីសម្បទា បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីប្រព័ន្ធ គាំពារសង្គម
(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតីសម្បទា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធគាំពារសង្គម ជូនដល់សិក្ខាកាមជាមន្ត្រីរាជការ អញ្ជើញមកពីការិយាល័យសុខុមាលភាពសង្គមតាមស្រុក ក្រុង នៅខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដោយវគ្គបណ្ដុះបណ្ដាលនេះ ឧបត្ថម្ភដោយអង្គការ យូនីសេស(unicet) សមាគមន៍អឺរ៉ុប។
លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ គឺមានគោលបំណង ដើម្បីលើកកម្ពស់ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យកាន់តែប្រសើរឡើង ព្រមទាំង ដើម្បីឆ្លើយតបនឹងតម្រូវការបន្សីយុទ្ធសាស្ត្រគោលនយោបាយ និងសកម្មភាព គាំពារសង្គមនានារបស់រាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះ។
ឯកឧត្តម សុខ ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតីសម្បទា មានប្រសាសន៍ថា សេវាគាំពារសង្គមមានសារៈសំខាន់ណាស់ គឺជាជំហានមួយដើម្បីផ្ដល់នូវ សេចក្ដីថ្លៃថ្នូរ និងឱកាសស្មើភាពគ្នាដល់ជនក្រីក្រ និងងាយរងគ្រោះ សេវាគាំពារសង្គមជាការប៉ះប៉ូវនៃការបាត់បង់ប្រាក់ចំណូល និងរ៉ាប់រងចំណាយលើសេវាថែទាំសុខភាព និងធានាឲ្យមានការទទួលបាន សេវាតាមរយៈការជួយសម្រួលដល់ការទទួលសេវាសង្គម នឹងការឆ្លើយតបចំពោះតម្រូវការជាមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង។
ឯកឧត្តម សុខ ប៊ុនថា បានមានប្រសាសន៍បន្តថា រយៈកន្លងមកប្រទេសកម្ពុជាយើង មានបញ្ហាប្រឈមពាក់ព័ន្ធនឹងសេវាគាំពារសង្គម មូលហេតុនៃការរាតត្បាតជាសកលនៃជំងឺកូវីដ 19 ធ្វើឲ្យភាពក្រីក្រនិងវិសមភាពកាន់តែមានការកើនឡើង លាតត្រដាងឲ្យឃើញពីភាពខ្វះចន្លោះ នៃការគ្រប់ដណ្តប់ភាព គ្រប់ជ្រុងជ្រោយនិងសុក្រិតភាពនៃសេវាគាំពារសង្គម នៅគ្រប់ប្រទេសទាំងអស់ និយាយជារួម និងដោយឡែក រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាយើង បានយកចិត្តទុកដាក់ខិតខំពុះពារ គ្រប់ឧបសគ្គចំពោះបញ្ហាប្រឈមលើសេវាគាំពារសង្គម ទទួលបានជោគជ័យគួរឲ្យកត់សំគាល់ ៕