រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន បន្តចូលរួមនិងធ្វកិច្ចសហប្រតិបត្តិការរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា និងប្រទេសចិន ដើម្បីចូលរួមពង្រឹងសាមគ្គីភាព និងមិត្តភាពនៃប្រទេសទាំងពីរ
(ភ្នំពេញ)៖ក្នុងឱកាសអញ្ជើញចូលរួម ក្នុពិធីបើកសម្ពោធកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងគួនមីង ខេត្តយូណាន ប្រទេសចិន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិនបន្តចូលរួម និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា និងប្រទេសចិន ដើម្បីចូលរួមពង្រឹងសាមគ្គីភាព និងមិត្តភាពនៃប្រទេសទាំងពីរក៏ដូចជាចូលរួមក្នុងការលើកកម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យើងមានការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការកម្ពុជា–ចិនទៅកាន់ពិភពលោក តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយចម្រុះទាំងបុរាណនិងទំនើប និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្ហាញនូវភាពទាក់ទាញដ៏ពិសេស និងប្រកបដោយសក្តានុពលនៃបេតិកភណ្ឌពិភពលោកនៅកម្ពុជា និងខេត្តយូណានប្រទេសចិន និងសមិទ្ធផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា–ចិន ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌ ដើម្បីទាក់ទាញការចាប់អារម្មណ៍និងការគាំទ្រ សំដៅពង្រឹងការការពារនិងអភិរក្សបេតិកភណ្ឌរួមរបស់មនុស្សជាតិ»។
ឯកឧត្តមបានប្រសាសន៍ថា ក្រសួងព័ត៌មានកម្ពុជាបានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋាភិបាលចិន ជាពិសេសបានបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយនៃខេត្តយូណាន។ យើងបានរួមគ្នាប្រកាសនូវគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា–យូណាន ឆ្នាំ២០២៣។
ក្រសួងព័ត៌មានបញ្ជាក់ថា កន្លងមកក្រសួងបានធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានជាមួយភាគីមិត្តចិនជាច្រើន តាមរយៈអនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងនានា ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាននិងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ក្នុងគោលបំណងផ្សារភ្ជាប់នូវទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំថែមទៀត។ ទស្សនាវដ្ដីខ្មែរ ដែលបានបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ខេត្តយូណាន បានរួមចំណែកយ៉ាងច្រើនក្នុងការបង្កើនការយល់ដឹងទៅវិញទៅមករវាងប្រជាជនកម្ពុជា–ចិន។ ជាមួយគ្នានេះ ស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្តយូណាន បាននាំយកខ្សែភាពយន្តភាគ និងបច្ចេកវិទ្យាផ្សព្វផ្សាយទូរទស្សន៍ដ៏ល្អរបស់ប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីវប្បធម៌ និងប្រពៃណី ដល់ប្រជាជនកម្ពុជា។
នៅក្នុងឱកាសនៃការបើកសម្ពោធកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ», លោកជំទាវ ជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បានបង្ហាញនូវក្តីសង្ឃឹមថា ភាគីចិននិងកម្ពុជានឹងយកព្រឹត្តិការណ៍នេះជាឱកាសដ៏សំខាន់ដើម្បីរួមគ្នាជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសារព័ត៌មាន។ លោកស្រីបានគូសបញ្ជាក់ថា ក្នុងនាមជាស្ពានសម្រាប់បង្កើនការផ្លាស់ប្តូរប្រជាជននិងប្រជាជន ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីដ៏សំខាន់ក្នុងការបង្កើនទំនាក់ទំនងរវាងប្រទេសចិន និងបណ្តាប្រទេសនានាលើពិភពលោក៕