ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ៩គ្រួសារ នៅឃុំសារង្គ ទទួលបានអំណោយពីលោក សិទ្ធិ ឡោះ ប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក
(បន្ទាយមានជ័យ)៖ដោយមើលឃើញពីការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារខ២៧ ចុះជួយស្រុកស្វាយចេក បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាសមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ ទៅចែកជូនប្រជាពលរដ្ឋ នៅឃុំសារង្គ ចំនួន៩គ្រួសារ ដែលកំពុងជួបការខ្វះខាត។
នាឱកាសនោះដែរ លោក សិទ្ធិ ឡោះ ក៏បានពាំនាំមតិផ្តាំផ្ញើរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវចំពោះបងប្អូនប្រជាពលរដ្ឋ និងថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុងការងារចុះជួយឃុំសារង្គ ដែលតែងតែចុះធ្វើសកម្មភាពការងារជាមួយមូលដ្ឋាន និងប្រជាពលរដ្ឋកន្លងបានល្អ ហើយសូមបន្តធ្វើការងារនេះបន្តទៀត ពិសេសត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានល្អ ឆ្លើយតមសំណូមពរ ជួយដោះស្រាយទុក្ខលំបាកពលរដ្ឋឲ្យបានទាន់ពេលវេលា។
ទន្ទឹមនោះដែរ លោកក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាយុវជន ត្រូវទៅចុះឈ្មោះ ឬធ្វើឯកសារសម្រាប់បោះឆ្នោតឲ្យបានគ្រប់ៗគ្នានាពេលខាងមុខ ជាពិសេសសូម បន្តនូវ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ផងដែរ។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង៩គ្រួសារនាពេលនេះ ក្នុង១គ្រួសារទទួលបានអង្ករចំនួន៥០ គីឡូក្រាម ,មីចំនួន០១កេស ,ត្រីខចំនួន០១យួរ ,ទឹកត្រីចំនួន០១យួរ, ទឹកស៊ីអ៊ីវចំនួន០១យួរ ,ទឹកសុទ្ធចំនួន០១កេស ,ទឹកក្រូចកំប៉ុង ១កេស,ថវិការ ៥០០០០៛(ប្រាំម៉ឺនរៀល)។ក្នុងនោះឧបត្ថម្ភថវិកាលោកមេភូមិ ចំនួន០៦ភូមិ ក្នុងមួយភូមិ ១០០,០០០រៀល(ដប់ម៉ឺនរៀល) ,ក្រុមយុវជនចំនួន ១០០,០០០រៀល(ដប់ម៉ឺនរៀល) ,ស.ស.យ.ក ចំនួន ១០០,០០០រៀល (ដប់ម៉ឺនរៀល) សរុបជាថវិកា អស់ ៣,៤៨៦,៥០០រៀល (បីលានសែសិបប្រាំបីម៉ឺនប្រាំមួយពាន់ប្រាំរយរៀលគត់)ផងដែរ៕